ខេត្តកែប៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានឃាត់ខ្លួនលោក ខេង យ័ន ដែលជាអភិបាលក្រុងកែប និងនាយករដ្ឋបាលក្រុងកែបម្នាក់ទៀត បន្ទាប់ពីលោកបានបញ្ចប់កិច្ចប្រជុំមួយកាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៤នេះ សង្ស័យពាក់ព័ន្ធករណីពុករលួយ។
បើតាមលោកឧត្តមសេនីយ៍ត្រី ប៉ូង សុខេង ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋានខេត្តកែប បានឱ្យដឹងនៅរសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០២៤នេះថា ជុំវិញករណីឃាត់ខ្លួនអភិបាលក្រុងកែប និងនាយករដ្ឋបាលខាងលេីនេះ គឺអាចពាក់ព័ន្ធករណីពុករលួយ។
លោកស្នងការរងរូបនេះ បានបន្ថែមថា ករណីខាងលើនេះ គឺមន្ត្រី ACU បានជិះរថយន្តចំនួនបីគ្រឿង មានដូចជា រថយន្តហ្វ័ត ,រថយន្តឡង់គ្រីស័រ និងរថយន្តម៉ាស្ដា បានចុះទៅឃាត់ខ្លួនអភិបាលក្រុងកែប និងនាយករដ្ឋបាលម្នាក់ទៀត រួចបញ្ជូនខ្លួនយកមកសាកសួរ តាមនីតិវិធីច្បាប់៕SRN