ភ្នំពេញ ៖ អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក វ៉ិត មឃៈ បានបញ្ជាក់នៅព្រលប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះឱ្យដឹងថា សំណុំរឿងជនប្រឌិតរឿង ម៉ូលីកា ត្រូវបានតំណាងអយ្យការសម្រេចចោទប្រកាន់ជនសង្ស័យ ចំនួន០២បទល្មើស រួចបញ្ជូនសំណុំរឿងទៅបើកការស៊ើបសួរ ។
ជនត្រូវចោទរូបនេះមានឈ្មោះ យឹម សុផាន់ណា ភេទប្រុស ត្រូវបានចោទប្រកាន់ពីបទ ប្តឹងបរិហារបង្កាច់កេរ្តិ៍ និងបទក្លែងបន្លំ តាមមាត្រា៣១១ , មាត្រា៣១២ , មាត្រា៦២៦ និង មាត្រា៦២៧ នៃក្រមព្រហ្មទណ្ឌ ។
សូមបញ្ជាក់ថា ជនត្រូវចោទ ត្រូវបាននគរបាលរាជធានីភ្នំពេញឃាត់ខ្លួនពាក់ព័ន្ធការចូលរួមក្នុងការនិពន្ធរឿងប្រឌិត និងដើរតួជាតួអង្គស្រី ក្នុងរឿងក្លែងបន្លំជាអ្នកលេងបណ្តាញសង្គមឈ្មោះ ម៉ូលីកា សរសេរ និងបង្ហោះធ្វើឱ្យប៉ះពាល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់មន្ត្រីនគរបាល ដែលឈរជើងប្រចាំការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនៅគោលដៅស្តុបក្តាន់២។
ករណីនេះដែរ លោក សំ វិច្ឆិកា អ្នកនាំពាក្យនគរបាលរាជធានីភ្នំពេញ ធ្លាប់បានបញ្ជាក់ថា នៅមានជនពាក់ព័ន្ធដទៃផ្សេងទៀត ដែលកំពុងរត់គេចខ្លួន ខណៈដែលសមត្ថកិច្ចក៏កំពុងបន្តការស្រាវជ្រាវក្នុងការតាមចាប់ខ្លួនផងដែរ ។
រឿងរ៉ាវនេះ មុនពេលដែលសមត្ថកិច្ចរកការពិតឃើញ គឺបានផ្ទុះការរិះគន់យ៉ាងខ្លាំងខ្លា ពីសំណាក់មហាជនជាអ្នកប្រើប្រាស់បណ្តាញសង្គម បន្ទាប់ពីបែកធ្លាយព័ត៌មានទារប្រាក់ក្នុងពេលអនុវត្តច្បាប់ និងសារឆាតឆ្លើយឆ្លងផ្តោះផ្តោះស្នេហា ពីសំណាក់នគរបាលចរាចរណ៍ នៅស្តុបក្តាន់២ ជាមួយគណនីក្លែងក្លាយ ដោយភ្ជាប់រូបនារីរូបស្រស់ម្នាក់ និងប្រើឈ្មោះ ម៉ូលីកា ខាងលើ ៕