ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានណែនាំក្រសួង ស្ថាប័នរបស់រដ្ឋទាំងនៅថ្នាក់ជាតិ និងក្រោមជាតិ ឱ្យរួមគ្នាធ្វើសកម្មភាពឱ្យផុលផុសពាក់ព័ន្ធនឹងវប្បធម៌ជាតិចាប់ពីខែមីនា ដល់ពេលចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដើម្បីលើកកម្ពស់តម្លៃវប្បធម៌ខ្មែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់ការណែនាំសកម្មភាពមួយចំនួនទៅដល់ក្រសួង ស្ថាប័នរបស់រដ្ឋទាំងថ្នាក់ជាតិ និងក្រោមជាតិ ដើម្បីរៀបចំទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៦ ឆ្នាំ២០២៤ នេះឱ្យបានកាន់តែទូលំទូលាយ ដូចជាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈត្រូវរៀបចំឯកសារពាក់ព័ន្ធ ដើម្បីឃោសនាផ្សព្វផ្សាយអំពីទិវាវប្បធម៌ជាតិ ហើយក៏ត្រូវណែនាំដល់អាជ្ញាធរជាតិអប្សរា អាជ្ញាធរជាតិព្រះវិហារ អាជ្ញាធរជាតិសំបូរព្រៃគុក គ្រប់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានី ខេត្ត ឱ្យរៀបចំផ្សព្វផ្សាយសមិទ្ធផលការងារសំខាន់ៗ ពាក់ព័ន្ធការអភិរក្ស ការលើកស្ទួយ និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់បេតិកភណ្ឌពិភពលោក និងរមណីយដ្ឋានវប្បធម៌នានា រួមទាំងកម្មវិធីផ្សេងៗទៀត ដើម្បីអប់អរទិវាវប្បធម៌ជាតិនៅមូលដ្ឋាន របស់ខ្លួន។ ទន្ទឹមគ្នានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈត្រូវសហការជាមួយបណ្តាក្រសួង ស្ថាប័ន អង្គភាព រដ្ឋបាលថ្នាក់ក្រោមជាតិ អង្គការ សមាគម សហគមន៍ និងវិស័យឯកជនដែលកំពុងប្រតិបត្តិការ នៅក្នុងវិស័យវប្បធម៌ ដើម្បីរួមគ្នាធ្វើការផ្សព្វផ្សាយវប្បធម៌ជាតិឱ្យបានទូលំទូលាយនៅក្នុងរយៈពេលនេះផងដែរ។
ចំណែកក្រសួងព័ត៌មានត្រូវណែនាំដល់បណ្តាញសារព័ត៌មានគ្រប់ប្រភេទរបស់រដ្ឋនិងឯកជនទាំងអស់ចូលរួម ផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវខ្លឹមសារសកម្មភាពពាក់ព័ន្ធនឹងការអបអរទិវាវប្បធម៌ជាតិ។
រីឯក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈត្រូវសហការផ្សព្វផ្សាយវប្បធម៌ជាតិ និងខ្លឹមសារទិវាវប្បធម៌ជាតិដល់សិស្ស និស្សិត ព្រមទាំងបំផុសឱ្យមានសកម្មភាពបង្ហាញ និងប្រតិបត្តិ ប្រពៃណី ទំនៀមទម្លាប់ និងវប្បធម៌ជាតិ នៅតាមគ្រឹះស្ថានសិក្សាអប់រំរដ្ឋ និងឯកជន។
ចំណែកឯក្រសួងទេសចរណ៍ត្រូវផ្សព្វផ្សាយវប្បធម៌ជាតិនិងខ្លឹមសារទិវាវប្បធម៌ជាតិ ដល់ភ្ញៀវទេសចរជាតិនិង អន្តរជាតិតាមរយៈទីភ្នាក់ងារទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ រមណីយដ្ឋានទេសចរណ៍ សណ្ឋាគារ ផ្ទះសំណាក់ និងភោជនីយដ្ឋានគ្រប់ប្រភេទ ពិសេសស្របតាមកម្មវិធី «ទស្សនាសៀមរាបឆ្នាំ២០២៤»។
ចំពោះក្រសួងធម្មការ និងសាសនា ត្រូវបំផុសចលនាព្រះសង្ឃ និងគ្រប់សាសនិកឱ្យរៀបចំកម្មវិធី និងសកម្មភាពនានា ដើម្បីផ្សព្វផ្សាយវប្បធម៌ជាតិនិងខ្លឹមសារទិវាវប្បធម៌ជាតិ នៅតាមទីអារាម វិហារសាសនា មណ្ឌល វិបស្សនា និងទីសក្ការៈផ្សេងៗ។
ជាមួយគ្នានេះ ក្រសួងមហាផ្ទៃនិងក្រសួងការពារជាតិត្រូវណែនាំទៅអង្គភាពមូលដ្ឋាន ដើម្បីរក្សាសន្តិសុខនិង សណ្តាប់ធ្នាប់សាធារណៈក្នុងឱកាសប្រារព្ធទិវាវប្បធម៌ជាតិ លើកទី២៦ ឱ្យមានប្រសិទ្ធភាពនិងស្មារតី
ទទួលខុសត្រូវខ្ពស់។
ទន្ទឹមនឹងនេះដែរ អ្នកចូលរួមកម្មវិធី និងសកម្មភាពផ្សព្វផ្សាយដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ទិវាវប្បធម៌ជាតិត្រូវស្លៀកពាក់សមរម្យតាមបែបប្រពៃណីជាតិ។
សូមជម្រាបជូនថា ការរៀបចំទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៦ ឆ្នាំ២០២៤ ដោយបន្តរក្សាប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» ធ្វើឡើងក្នុងគោលបំណងជំរុញទឹកចិត្តប្រជាជនខ្មែរទាំងក្នុង និងក្រៅប្រទេស ជាពិសេសយុវជនបន្តវេនឱ្យចូលរួមកាន់តែសកម្មថែមទៀតក្នុងសកម្មភាពវប្បធម៌ជាតិ៕