Breaking News

ក្រុមហ៊ុន FreshStart Energy ជំរាបសម្តេចធិបតី ហ៊ុន ម៉ាណែត ពីបំណងស្វែងរកឱកាសវិនិយោគនៅកម្ពុជាលេីការប្រេីប្រាស់បច្ចេកវិទ្យាទំនេីប​ក្នុងការគ្រប់គ្រងថាមពលអគ្គិសនី

អូស្ត្រាលី៖ លោកនាយកប្រតិបត្តិ ក្រុមហ៊ុន FreshStart Energy បានគោរពជម្រាបជូន សម្ដេចធិបតី អំពីវឌ្ឍនភាពនៃអាជីវកមុ្មរបស់ក្រុមហ៊ុន FreshStart Energy ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន FreshStart ហើយកំពុងមានប្រតិបត្តិការនៅប្រទេសអូស្រ្តាលី និងបណ្តាប្រទេសមួយចំនួន ដូចជាប្រទេសសិង្ហបុរី និងប្រទេសថៃជាដើម ដែលនៅក្នុងប្រទេស​ អូស្ត្រាលី​ ក្រុមហ៊ុនរបស់លោក បានប្រើប្រាស់បច្ចេកវិទ្យាទំនើបក្នុងការគ្រប់គ្រងការប្រេីប្រាស់ថាមពលអគ្គិសនីនៅតាមសាលារៀន មន្ទីរពេទ្យ និង ស្ថានីយប្រេងឥន្ធនៈ ជាដើម។ លោកនាយកប្រតិបត្តិបានបន្ថែមទៀតថា ក្រុមហ៊ុនអភិវឌ្ឍបច្ចេកវិទ្យាទំនើបៗ សម្រាប់ការប្រើប្រាស់ថាមពលអគ្គីសនី ប្រកបដោយប្រសិទ្ធភាព គុណភាព និងសន្សំសំចៃខ្ពស់។ លោកនាយកប្រតិបត្តិ បានបង្ហាញបំណងវិនិយោគនៅកម្ពុជាដោយនាំយកបច្ចេកវិទ្យាទំនើបនៃការគ្រប់គ្រងការប្រើប្រាស់ថាមពលអគ្គិសនី។ ការបង្ហាញបំណងនេះក្នុងឱកាសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Mario Vecchio នាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុន FreshStart Energy ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្រ្តាលី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី នារសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្តែង នូវការស្វាគមន៍ និងរីករាយដែលបានជួបពិភាក្សាការងារជាមួយលោកនាយកប្រតិបត្តិ និងអរគុណចំពោះក្រុមហ៊ុន FreshStart Energy ដែលបានបង្ហាញពីបំណងក្នុងការបណ្តាក់ទុនវិនិយោគនៅកម្ពុជា ហើយសម្ដេចធិបតីបានគូសបញ្ជាក់ថា គោលបំណងរបស់កម្ពុជា គឺមិនត្រឹមតែពង្រឹង និងពង្រីកទំនាក់ទំនងរវាងរដ្ឋាភិបាលនិងរដ្ឋាភិបាល និងការភ្ជាប់ទំនាក់ទំនងរវាងប្រជាជននិងប្រជាជនប៉ុណ្ណោះទេ ថែមទាំងមានបំណងផ្សារភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជននិង ឯកជននៃប្រទេសទាំងពីរផងដែរ។ ចំពោះវិស័យថាមពល សម្ដេចធិបតីបានគូសបញ្ជាក់ថា បណ្ដាប្រទេសជាច្រើនទាំងក្នុងក្របខ័ណ្ឌតំបន់ និងពិភពលោកបានយកចិត្តទុកដាក់ខ្ពស់លើការធ្វើបរិវត្តកម្មវិស័យថាមពល ហើយរាជរដ្ឋាភិបាលកម្ពុជាក៏កំពុងតែយកចិត្តទុកដាក់អភិវឌ្ឍលើវិស័យថាមពលនេះដែរ។ សម្ដេចធិបតី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បី ពិនិត្យលទ្ធភាពក្នុងការស្វែងរកឱកាសវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយសហការជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងរ៉ែ និងថាមពល ដើម្បីស្ថាប័នទាំងពីរអាចជួយសម្របសម្រួល និងគាំទ្រដល់ការរៀបចំនូវគម្រោងវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា៕

Check Also

ឯកឧត្ដម​បណ្ឌិត​ លី​ ធុជ​ អនុប្រធាន​ទី១​ អាជ្ញាធរ​មីន​ បាន​ជួប​ពិភាក្សា​ក្រៅ​ផ្លូវ​ការ​ជាមួយ​ ឯកឧត្ដម​បណ្ឌិត​ Ale Musar​ ស្វាមី​លោកជំទាវ​ប្រធានាធិបតី​នៃ​ប្រទេស​ស្លូវើនៀ

Leave a Reply

Your email address will not be published. Required fields are marked *