Breaking News

ក្រុមហ៊ុន Enservរបស់អូស្រ្តាលីជំរាបសម្តេចធិបតី ហ៊ុន ម៉ាណែត ពីបំណងវិនិយោគលើការកែច្នៃដំណាំស្ពៅ (Sorghum) នៅកម្ពុជា

អូស្រ្តាលី៖ លោកប្រធានក្រុមហ៊ុន Enserv Holding Australia បានគោរពជម្រាបជូន សម្ដេចធិបតី អំពីសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុនដែលផ្ដោតលើការដាំដុះដំណាំស្ពៅ (Sorghum) ដែលក្រុមហ៊ុនមានសមត្ថភាពកែច្នៃដំណាំនេះទៅជាអង្ករមានកាឡូរីទាបតែមានប្រូតេអ៊ីនខ្ពស់ និងអាចកែច្នៃយកទៅប្រើប្រាស់ទៅជាជីវៈឧស្ម័ន្ម (Biogas)។ លោកប្រធានក្រុមហ៊ុនបានគោរពជម្រាបជូនសម្ដេចធិបតីបន្ថែមទៀតថា ដំណាំស្ពៅ (Sorghum) នេះគឺជាដំណាំដែលផ្តល់ទិន្នផលខ្ពស់ មិនរើសប្រភេទដី និងមិនត្រូវការទឹកច្រើនដូចដំណាំស្រូវ ហើយក៏អាចរួមចំណែក ក្នុងការស្រូបយកឧស្ម័នកាបូនិកពីបរិយាកាសផងដែរ។

លោកប្រធានក្រុមហ៊ុន បន្ថែមទៀតថា ដោយពិនិត្យឃើញអំពីសក្ដានុពលនៃវិស័យកសិកម្ម និងស្ថានភាពដីកសិកម្មនៅកម្ពុជាដែលមានលក្ខណៈអំណោយផលទៅលើប្រភេទដំណាំនេះ លោកប្រធានក្រុមហ៊ុន បានបង្ហាញពីបំណងរបស់ក្រុមហ៊ុនក្នុងការស្វែងរកឱកាស វិនិយោគលើដំណាំនេះនៅកម្ពុជា ដើម្បីកែច្នៃទៅជាផលិតផលសម្រេចសម្រាប់នាំចេញទៅក្រៅប្រទេស។ ការបង្ហាញបំណងនេះក្នុងឱកាសដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Tanachat Pochana ប្រធានក្រុមហ៊ុន Enserv Holding Australia ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្រ្តាលី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលីនាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤។

សម្តេចធិបតី បានសម្តែង នូវការស្វាគមន៍ និងរីករាយដែលបានជួបពិភាក្សាការងារជាមួយលោកប្រធានក្រុមហ៊ុន និងបានបញ្ជាក់ផងដែរថា ដូចនីតិកាលមុនៗដែរ គោលបំណងសំខាន់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិទី៧នេះ គឺបង្កើន នូវប្រាក់ចំណូលសម្រាប់ប្រជាពលរដ្ឋ ហើយរាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជាបន្ថែមទៀត តាមរយៈការប្រើប្រាស់ នូវបច្ចេកវិទ្យាទំនើបៗ ដើម្បីជួយជំរុញដល់វិស័យកសិកម្មនៅកម្ពុជា។

សម្ដេចធិបតី ក៏បានបញ្ចាក់ផងដែរថា រាជរដ្ឋាភិបាលក៏បានយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍវិស័យថាមពលអគ្គិសនី ដូច្នេះការប្រេីប្រាស់បច្ចេកវិទ្យាទំនេីប​ និងថ្មីដេីម្បីផលិតថាមពលអគ្គិសនី​ គឺជាផ្នែកមួយស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យថាមពល ដោយផ្ដោតទៅលើថាមពលស្អាត។ រាជរដ្ឋាភិបាលក៏បានសម្រេចបញ្ឈប់ការផ្តល់ការអនុញ្ញាតឱ្យបង្កេីតនូវរោងចក្រដំណើរការដោយថាមពលធ្យូងថ្មថ្មីបន្ថែបទៀត​ ផងដែរ។ ដូច្នេះការអភិវឌ្ឍវិស័យថាមពលតាមរយៈការប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីៗ និងទំនើប ដើម្បីបង្កើតថាមពលស្អាតនេះ គឺជាផ្នែកមួយនៃគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការធ្វើ បរិវត្តកម្មថាមពលនៅកម្ពុជា។

ឆ្លេីយតបទៅនឹងបំណង​វិនិយោគរបស់ក្រុមហ៊ុន​ សម្ដេចធិបតី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីពិនិត្យលទ្ធភាពក្នុងការស្វែងរកឱកាសវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមរយៈការសម្របសម្រួលរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងពាណិជ្ជកម្ម ៕

Check Also

ឯកឧត្ដម​បណ្ឌិត​ លី​ ធុជ​ អនុប្រធាន​ទី១​ អាជ្ញាធរ​មីន​ បាន​ជួប​ពិភាក្សា​ក្រៅ​ផ្លូវ​ការ​ជាមួយ​ ឯកឧត្ដម​បណ្ឌិត​ Ale Musar​ ស្វាមី​លោកជំទាវ​ប្រធានាធិបតី​នៃ​ប្រទេស​ស្លូវើនៀ

Leave a Reply

Your email address will not be published. Required fields are marked *