Breaking News

ក្រសួងមហាផ្ទៃ ចេញសេចក្តីណែនាំស្តីពី ការគ្រប់គ្រង និងប្រើប្រាស់យានយន្តនគរបាលជាតិ

ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បានដាក់ចេញលិខិតបទដ្ឋានគតិយុត្ត ណែនាំជាបន្តបន្ទាប់ ជាពិសេសប្រកាសលេខ ៣៥៥៩ ប្រក ចុះថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៣ ស្តីពីការចុះបញ្ជី ការចេញបណ្ណសម្គាល់ និងផ្លាកលេខយាន យន្តគ្រប់គ្រងដោយក្រសួងមហាផ្ទៃ ដើម្បីពង្រឹងប្រសិទ្ធភាពក្នុងការគ្រប់គ្រង ការប្រើប្រាស់យានយន្តគ្រប់ប្រភេទ ដែលបានចុះបញ្ជីនៅក្នុងក្រសួងមហាផ្ទៃ។

ប៉ុន្តែថ្មីៗនេះ សង្កេតឃើញមានបុគ្គលមួយចំនួនតូចបានប្រើប្រាស់ដោយខុសលក្ខណការណ៍កំណត់នូវយានយន្តនគរបាលជាតិគ្រប់ប្រភេទ ឬយកចូលទៅកាន់ទីតាំងមិនសមស្រប ដែលនាំឱ្យប៉ះពាល់ដល់កិត្យានុភាពរបស់កងកម្លាំងនគរបាលជាតិ និងកិត្តិយសក្រសួងមហាផ្ទៃ។

ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ដើម្បីបំបាត់នូវរាល់បាតុភាពខុសឆ្គងទាំងនេះ ក្រសួងមហាផ្ទៃណែនាំដល់អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គលេខាធិការដ្ឋាន អគ្គនាយកដ្ឋាន និងអង្គភាពនានា ចំណុះក្រសួងមហាផ្ទៃព្រមទាំងស្នងការដ្ឋានរាជធានី-ខេត្ត ដូចខាងក្រោម៖

១. ត្រូវផ្សព្វផ្សាយ និងអនុវត្តឱ្យមានប្រសិទ្ធភាពតាមប្រកាសលេខ ៣៥៥៩ ប្រក ចុះថ្ងៃទី៧ ខែ វិច្ឆិកា ឆ្នាំ២០១៣ របស់ក្រសួងមហាផ្ទៃ ស្តីពីការចុះបញ្ជី ការចេញបណ្ណសម្គាល់ និងផ្លាកលេខយានយន្ត គ្រប់គ្រងដោយក្រសួងមហាផ្ទៃ និងលិខិតបទដ្ឋាននានា ដែលពាក់ព័ន្ធដល់ការគ្រប់គ្រង និងប្រើប្រាស់យាន យន្តនគរបាលជាតិ។

២. ត្រូវធ្វើការគ្រប់គ្រង និងធ្វើបច្ចុប្បន្នភាពជាប្រចាំនូវយានយន្តប្រើផ្លាកលេខនគរបាលជាតិក្នុងអង្គភាព។ ក្នុងករណីមានការបញ្ឈប់ប្រើប្រាស់យានយន្តណាមួយត្រូវរាយការណ៍ និងប្រគល់ផ្លាកលេខ និងបណ្ណសម្គាល់ ទៅកាន់អគ្គស្នងការដ្ឋាននគរបាលជាតិ (នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ) ដើម្បីលុបចេញពីបញ្ជីជាបន្ទាន់។

៣. ហាមឃាត់រាល់សកម្មភាពប្រើប្រាស់យានយន្តនគរបាលជាតិ ដូចខាងក្រោម៖

– យកផ្លាកលេខពីយានយន្តដែលបានចុះបញ្ជីត្រឹមត្រូវ ទៅបំពាក់យានយន្តផ្សេងទៀត យកយានយន្តដែលពាក់ផ្លាកលេខនគរបាលជាតិទៅប្រើប្រាស់ ដើម្បីយកទៅប្រកបអាជីវកម្មផ្សេងៗមានលក្ខណៈជាឯកជន មិនមែនសម្រាប់បម្រើផលប្រយោជន៍ក្រសួង ឬរដ្ឋ។

– យកយានយន្តនគរបាលជាតិទៅឱ្យបុគ្គលផ្សេងទៀតប្រើប្រាស់។

– យកយានយន្តពាក់ផ្លាកលេខនគរបាលជាតិចូលទៅក្នុងទីតាំងកាស៊ីណូ ក្លឹបកម្សាន្ត ទីតាំងខារ៉ាអូខេ ឬគោលដៅមិនសមស្របផ្សេងទៀត។

– យកយានយន្តពាក់ផ្លាកលេខនគរបាលជាតិទៅប្រព្រឹត្តអំពើល្មើសច្បាប់ផ្សេងៗ។

– ប្រើប្រាស់យានយន្តនគរបាលជាតិដែលហួសសុពលភាព នៃកាលកំណត់ក្នុងបណ្ណសម្គាល់យានយន្ត។

៤. អគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវធ្វើការត្រួតពិនិត្យជាប្រចាំនៅតាមដងផ្លូវ តាមទីតាំងកាស៊ីណូ ក្លឹបកម្សាន្ត ទីតាំងខារ៉ាអូខេ ឬគោលដៅមិនសមស្របផ្សេងទៀត និងចាត់វិធានការម៉ឺងម៉ាត់ចំពោះករណីខុសឆ្គងក្នុងការប្រើប្រាស់យានយន្តនគរបាលជាតិ ព្រមទាំងបូកសរុបរាយការណ៍ប្រចាំត្រីមាស និងរាយការណ៍ ក្នុងករណីចាំបាច់ជូនថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ដើម្បីស្នើសុំគោលការណ៍ដឹកនាំ។

ក្រសួងមហាផ្ទៃ ក៏បានណែនាំនេះ អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គលេខាធិការនៃ អគ្គលេខាធិការដ្ឋាន អគ្គនាយកនៃអគ្គនាយកដ្ឋាន ប្រធានអង្គភាពនានាចំណុះក្រសួងមហាផ្ទៃ និងស្នងការនៃស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ត្រូវចាត់តាំងអនុវត្តឱ្យមានប្រសិទ្ធភាព និងប្រកបដោយ ស្មារតីទទួលខុសត្រូវខ្ពស់៕

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *