កំពង់ស្ពឺ៖ ថ្លែងនៅក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញអង្គរក្សពិសេសជំនាន់ទី២៦ និងបើកវគ្គបន្តជំនាន់ទី២៧ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនបញ្ជាការដ្ឋានអង្គរក្ស ភ្នំស្រង់ នៅខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១នេះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអះអាងថា ការការពារសន្តិសុខ សុវត្ថិភាព និងអាយុជីវិតថ្នាក់ដឹកនាំជាតិ គឺជាកិច្ចការចាំបាច់បំផុត ពីព្រោះនេះគឺជាកត្តាកំណត់ជោគវាសនានិងភាពនឹងនរទាំងបច្ចុប្បន្ន និងអនាគតរបស់ជាតិ។
បើតាមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ការថ្លោះធ្លោយណាមួយ គឺអាចនឹងបង្កឥទ្ធិពលប៉ះពាល់ធ្ងន់ធ្ងរដល់លំនឹងនៃស្ថិរភាពសង្គម-សេដ្ឋកិច្ច សន្តិភាព និងការអភិវឌ្ឍជាតិ ក៏ដូចជាតំបន់ទាំងមូលផងដែរ។ ក្នុងន័យនេះ បញ្ជាការដ្ឋានអង្គរក្ស គឺជាកងឯកភាពឈានមុខមួយក្នុងការបំពេញភារកិច្ចស្នូលដ៏សំខាន់ចាំបាច់នេះ ដោយកន្លងមកបានខិតខំធានាបាននូវការការពារសន្តិសុខ សុវត្ថិភាពជូនប្រមុខរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំជាតិ អន្តរជាតិនានាយ៉ាងមានប្រសិទ្ធភាព។ ក្រៅពីនេះ អង្គភាព ក៏បានបំពេញភារកិច្ចជាច្រើនទៀត ដូចជាការការពារបូររណភាពទឹកដី ជាពិសេសការដោះស្រាយវិបត្តិយថាហេតុនានា ដែលតម្រូវឱ្យមានអន្តរាគមន៍បន្ទាន់ រួមមាន ការសង្គ្រោះគ្រោះមហន្តរាយ អំពើភេរវកម្ម និងជំងឺរាតត្បាតជាដើម។
មេបញ្ជាការកងទ័ពជើងគោករូបនេះ ថ្លែងបញ្ជាក់យ៉ាងដូច្នេះថា៖ ចក្ខុវិស័យនៃវិស័យការពារជាតិរបស់យើង គឺការបង្កើនប្រសិទ្ធភាព និងនិរន្តរភាព តាមរយៈការបន្តធ្វើការកែទម្រង់កងទ័ព ដែលជាការងារត្រូវអនុវត្តជាប្រចាំ និងគ្មានទីបញ្ចប់ ដោយផ្អែកលើស្មារតីសំខាន់ពីរ ទី១ មូលដ្ឋាននៃស្មារតីជាតិនិយម ដែលសំដៅដល់ការការពារ ជាតិ សាសនា ព្រះមហាក្សត្រ ការពង្រឹងស្មារតីស្មោះត្រង់ចំពោះជាតិ និងប្រជាជន និងការពារសុខសន្តិភាពឱ្យបានដាច់ខាតទោះក្នុងតម្លៃណាក៏ដោយ ដើម្បីប្រទេសជាតិយើងបានអភិវឌ្ឍរីកចម្រើនបន្តទៅមុខទៀត។ ដំណើរការនៃការកែទម្រង់ គឺមិនត្រូវប៉ះពាល់ដល់មូលដ្ឋាននៃស្មារតីនេះឡើយ ពីព្រោះកងទ័ពជាអាវុធមុខពីរ ដែលអាចជាកម្លាំងក្នុងការការពារសន្តិភាពផង និងបំផ្លាញសន្តិភាពផង ដូចដែលមានសរបញ្ជាក់រួចមកហើយក្នុងដានប្រវត្តិសាស្ត្រកម្ពុជាជាអាទិ៍ វិបត្តិសង្គ្រាមស៊ីវិលក្នុងទស្សវត្សរ៍ឆ្នាំ៧០ ដោយរដ្ឋប្រហារយោធា និងការទទួលបានសន្តិភាពក្រោមនយោបាយឈ្នះឈ្នះ ដែលមានកងទ័ពជាប្រតិបត្តិករ និងទី២ គឺស្មារតីម្ចាស់ការឯករាជ្យលើគ្រប់វិស័យ ក្នុងដំណាក់កាលបច្ចុប្បន្ននេះ ដំណើរការកែទម្រង់ ក៏ត្រូវដើរទន្ទឹមគ្នាជាមួយនឹងការគិតគូរអំពីការធ្វើទំនើបកម្ម។
លោកបន្តថា “ទំនើបកម្ម គឺជាការកែសម្រួលដើម្បីឱ្យឆ្លើយតបសភាពការណ៍ជាក់ស្តែង” ដូច្នេះចំពោះមុខ ដំណើរការនៃការធ្វើទំនើបកម្មគួរផ្តោតទៅលើការកែសម្រួលរចនាសម្ព័ន្ធ ការកសាងធនធានមនុស្ស និងការផ្តល់សម្ភារគ្រឿងបំពាក់ឱ្យទាន់សភាពការណ៍ ដើម្បីឆ្លើយតបទៅនឹងសំណូមពរភារកិច្ច ដែលកំពុងប្រែប្រួលទៅតាមការវិវឌ្ឍនៃសង្គម និងបច្ចេកវិទ្យា៕ដោយ៖ សិរី នាគ