តាកែវ៖ ក្នុងឱកាសអបអរសាទរ ពិធីឆ្លងឆ្នាំសកល ២០២១-២០២២ ចាប់ពីម៉ោង៦រសៀលដល់ម៉ោង១២យប់ នៅក្នុងតំបន់ទេសចរណ៍ភូមិព្រៃស្នួល មានបងប្អូនប្រជាពលរដ្ឋ ប្រមាណជិត១ពាន់នាក់ ចូលរួមរាំលេងកម្សាន្ដ និងទស្សនាការបាញ់កាំជ្រួញ ដែលមិនធ្លាប់មានសម្រាប់ភូមិមួយនេះ។
សូមរំលឹកផងដែរថា កាលពីពេលកន្លងទៅថ្មីៗនេះ ភូមិព្រៃស្នួល ក៏បានរៀបចំនូវកម្មពិធី បុណ្យអុំទូក អកអំបុក បណ្ដែតប្រទីត និងសំពះព្រះខែ ដែលទទួលបានអ្នកចូលរួមកម្សាន្ត ជាង៣ពាន់នាក់ផងដែរ។
នេះជាកម្មពិធីទី២ហើយ សម្រាប់ប្រជាពលរដ្ឋ ក្នុងភូមិព្រៃស្នួល ក្នុងការរៀបចំកម្មពិធីឡើង ដើម្បីកែប្រែមុខមាត់ ភូមិឃុំ ដែលធ្លាប់តែស្ងប់ស្ងាត់ និងជាតំបន់មួយដាច់ស្រយាល មកជាភូមិរវល់ តាមរយៈការបង្កើតនូវតំបន់ទេសចរថ្មីមួយ ដែលមានទីតាំងនៅមិនឆ្ងាយពី ភ្នំជីសូរ ប៉ុន្មាននោះទេ ។
សូមបញ្ជាក់ថា តំបន់ទេសចរណ៍ភូមិព្រៃស្នួល នឹងរៀបចំនូវកម្មពិធីសប្បាយជាច្រើនបន្តទៀតនាពេលខាងមុខ ៕ដោយ៖ សិរី នាគ