ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា “ការកសាងព្រែកជីកហ្វូណនតេជោ មិនមែនសំរាប់ប្រយោជន៍ដល់គ្រួសារខ្ញ៉ំទេ តែសំរាប់ផលប្រយោជន៍ជាតិ និងប្រជាជន”។ ការបញ្ជាក់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជាក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគម បុគ្គលិកសិក្សា ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៤ នាព្រឹកថ្ងៃទី ២៨ ខែមែសា ឆ្នាំ២០២៤នេះ។
សម្តេចធិបតី បានថ្លែងអរគុណដល់ពលរដ្ឋកម្ពុជាដែលបានបញ្ចេញមតិគាំទ្រការកសាងព្រែកជីហ្វូណន តេជោ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា មុនកសាងកម្ពុជាបានប្រើរយៈពេល២៦ខែ សម្រាប់ការសិក្សាលើព្រែកជីកហ្វូណន-តេជោ។
សម្តេចធិបតីបានបញ្ជាក់ថា កម្ពុជាបានសិក្សាច្បាស់លាស់ណាស់ក្នុងការកសាង ។ សម្តេចធិបតីបានថ្លែងថា ហេតុអ្វីប្រទេសខ្លះគេកសាង គេជីក ធ្វើនេះធ្វើនោះបាន ?ហេតុអ្វីបានជាកម្ពុជាគ្រាន់តែកសាងដើម្បីផលប្រយោជន៍ជាតិ និងប្រជាជន ហេតុអ្វីកម្ពុជាជាប្រទេសពិសេសម្ល៉េះ ចាប់អារម្មណ៍ម្ល៉េះ?
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រដ្ឋធម្មនុញកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ថា មិនត្រូវមានវត្តមានមូលដ្ឋានកងទ័ពបរទេសលើទឹកដីកម្ពុជានោះឡើយ។សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កម្ពុជា មិនយកប្រទេសណាជាសត្រូវនោះទេ។
សម្តេចធិបតី បានបញ្ជាក់ថា យ៉ាងណាក៏ដោយកម្ពុជាត្រូវតែជីកព្រែកជីហ្វូណននេះឲ្យចេញជារូបរាង។
សម្តេចធិបតី បានបញ្ជូនសារទៅអ្នកនយោបាយចាស់វស្សា សម រង្ស៊ី ថា លោកតែងប្រឆាំងគ្រប់រឿង សូម្បីតែគម្រោងកសាងដើម្បីផលប្រយោជន៍ដល់ពលរដ្ឋខ្លួនឯង។
សម្តេចធិបតី បានបញ្ជាក់ថា ការលើកទឹកចិត្ត ការគាំទ្រពីពលរដ្ឋទាំងក្នុងប្រទេស ក្រៅប្រទេសសំរាប់គម្រោងព្រែកជីកហ្វូណននេះ មានតម្លៃធំធេងណាស់ រាជរដ្ឋាភិបាលមិនមានបង្កើតមូលនិធិដើម្បីយកលុយពីបងប្អូនមកកសាងទេ ៕