ភ្នំពេញ៖ មន្ត្រីនគរបាលបានឃាត់ខ្លួនស្ត្រីម្នាក់ ដែលអះអាងថា ជាកូនចៅ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ហើយបានដើរបោកប្រាស់លុយកាក់ពីប្រជាពលរដ្ឋអស់ជាច្រើននោះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងគ្រោងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤។ នេះបើយោងតាមការឱ្យដឹងពី លោកវរសេនីយ៍ឯក សំ វិច្ឆកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
សូមបញ្ជាក់ថា សង្ស័យឈ្មោះ ឃុត ដាវី អាយុ៣១ឆ្នាំ រស់នៅសង្កាត់ស្វាយប៉ាក ខណ្ឌប្ញស្សីកែវ ដែលបានចូលខ្លួនទៅសារភាពនៅកន្លែងសមត្ថកិច្ច កាលពីរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤ ជុំវិញការចោទប្រកាន់ករណីបោកប្រាស់លុយកាក់ពីប្រជាពលរដ្ឋអស់ជាច្រើន និងស្លៀកពាក់ឯកសណ្ឋាននគរបាលជាតិក្លែងបន្លំ ដើម្បីឆរបោកប្រជាពលរដ្ឋ ដែលមានការផ្សព្វផ្សាយតាមបណ្តាញសង្គម។ ជនសង្ស័យរូបនេះ ត្រូវបានកម្លាំងការិយាល័យជំនាញព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចាប់ខ្លួនខណៈពេលចូលខ្លួនទៅសារភាព។ ដោយអនុវត្តតាមបទបញ្ជាផ្ទាល់របស់ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងមានការអនុញ្ញាតពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ត្រូវបានឃាត់ខ្លួន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់ ពាក់ព័ន្ធករណី៖
១. ប្រើប្រាស់នូវឯកសណ្ឋានជាអាទិ៍ ដែលមានភាពប្រហាក់ប្រហែលគ្នានឹងនគរបាលជាតិ ឬយោធា(ថតរូបពាក់ឯកសណ្ឋាននគរបាលជាតិថ្នាក់វរសេនីយ៍ទោក្លែងក្លាយ) កាលពីឆ្នាំ២០១៩។
២. ឆរបោកប្រាក់ចំនួន ២១,២០០ដុល្លារ កាលពីអំឡុងខែឧសភា ឆ្នាំ២០២៣ និងយករូបថត លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ទៅបង្កើតតេឡេក្រាមក្លែងក្លាយ ដើម្បីខ្ចីប្រាក់ពីដើមបណ្តឹង។
៣. រំលោភលើទំនុកចិត្ត យកប្រាក់ចំនួន ៤៣៥០ដុល្លារ កាលពីឆ្នាំ២០២២។
៤. បន្លំ (ទិញធូរេនមិនឱ្យប្រាក់ចំនួន ២៣១២០០រៀល) កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤។
ស្ត្រីជនសង្ស័យរូបនេះ ត្រូវបានសមត្ថកិច្ចអនុវត្តតាមបណ្តឹងរបស់ជនរងគ្រោះ ក្នុងអំពើឆរបោក ដែលបានប្រព្រឹត្តដោយស្ត្រីជនសង្ស័យ និងផ្អែកតាមចម្លើយសារភាពចំពោះមុខសមត្ថកិច្ចដោយស្ត្រីសង្ស័យរូបនេះ៕SRN