Breaking News

អាជ្ញាធររាជធានីភ្នំពេញ ណែនាំឱ្យកម្លាំងសមត្ថកិច្ចខណ្ឌទាំង១៤ បន្តបង្ក្រាបក្មេងទំនើងឱ្យដល់ឫសគល់ ដើម្បីធានាថា ក្នុងមូលដ្ឋានរបស់ខ្លួនមិនមានក្មេងទំនើង

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំឱ្យគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ ក៏ដូចកម្លាំងសមត្ថកិច្ច បន្តបង្ក្រាបក្មេងទំនើងឱ្យដល់ឫសគល់ សំដៅធ្វើយ៉ាងណានៅក្នុងមូលដ្ឋានរបស់ខ្លួនមិនមានក្មេងទំនើង។ ការណែនាំដូចនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នារសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ នៅសាលារាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានលើកឡើងថា ការបង្ក្រាបក្មេងទំនើង អាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច បានធ្វើការបង្ក្រាបបានជាបន្តបន្ទាប់ ពោលគឺ ក្រោយពីពួកគេធ្វើសកម្មភាព កម្លាំងត្រូវបានចាប់បានភ្លាមៗ។ ប៉ុន្តែទោះបីជាយ៉ាងនេះក្តី កងកម្លាំងមានសមត្ថកិច្ចត្រូវពង្រឹងបន្ថែមទៀតក្នុងការបង្ការទប់ស្កាត់ក្មេងទំនើងទាំងនេះ។ ទន្ទឹមនេះ លោកបានស្នើឱ្យអភិបាលខណ្ឌនៅជាប់ព្រំប្រទល់ជាមួយនឹងស្រុកនៃខេត្តកណ្ដាល ប្រជុំជាមួយអភិបាលស្រុកជាប់ព្រំប្រទល់ ដើម្បីរកវិធានការទប់ស្កាត់ក្មេងទំនើងទាំងនោះ។ បន្ថែមពីនេះក៏ត្រូវសហការជាមួយនឹងនាយកសាលានានានៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីកំណត់ពីមុខសញ្ញាក្មេងទំនើងជាមួយនឹងការដាក់កម្លាំងឆែកឆេរទៅលើម៉ូតូសិស្សដែលសង្ស័យថា ជាមុខសញ្ញាក្មេងទំនើង។

លោកអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ការបង្ក្រាបក្មេងទំនើង អាជ្ញាធរមានសមត្ថកិច្ចអនុវត្តបានល្អប្រសើរហើយ ប៉ុន្តែអ្វីដែលល្អជាងនេះ គឺការបង្ការទប់ស្កាត់កុំឲ្យមានក្មេងទំនើងទើបជារឿងដែលល្អបំផុត។ ក្រៅពីបង្ក្រាប បង្ការទប់ស្កាត់ក្មេងទំនើងហើយនោះ លោក ឃួង ស្រេង ក៏បានណែនាំឲ្យយកចិត្តទុកដាក់ពិនិត្យអាវុធជាតិផ្ទុះ ពិនិត្យយានយន្តកែច្នៃស៊ីម៉ាំង ការពិនិត្យទីតាំងលក់កែច្នៃដាវសាំម៉ូរ៉ៃ ការបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ និងការបង្ក្រាបគ្រឿងញៀនផងដែរ សំដៅធ្វើយ៉ាងណាឲ្យ ភូមិ សង្កាត់ មានសុវត្ថិភាព។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ ជួន ណារិន អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានឱ្យដឹងដែរថា នៅរាជធានីភ្នំពេញ មានក្រុមក្មេងទំនើងចំនួន ១២ក្រុម ហើយក្នុងចំនួន១២ក្រុមនេះកម្លាំងមានសមត្ថកិច្ចធ្វើការបង្ក្រាបបានជាបន្តបន្ទាប់ចំនួន ១០ក្រុមហើយ នៅសល់២ក្រុមទៀត ដែលជាក្រុមមិនទាន់មានធ្វើសកម្មភាព។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីក្នុងចំនួន ១០ក្រុមនេះ ក៏មានក្រុមទំនើងខ្លះកំពុងតែរត់គេចខ្លួន ដែលសមត្ថកិច្ចកំពុងតែស្រាវជ្រាវតាមចាប់ផងដែរ៕SRN

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *