កណ្តាល៖ រដ្ឋបាលស្រុកអង្គស្នួល សូមអំពាវនាវដល់ ឯកឧត្តម អ្នកឧកញ៉ា លោកឧកញ៉ា លោកជំទាវ លោក លោកស្រី អគ្គនាយក ឬប្រធាន ក្រុមហ៊ុន រោងចក្រ សហគ្រាស គ្រឹះស្ថានសិក្សាគ្រប់កម្រិត គ្រឹះស្ថានធនាគារ មីក្រូហិរញ្ញវត្ថុ ផ្សារទំនើប វត្តអារាម សាលាឃុំ មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាពឃុំ ស្ថានីយប្រេងឥន្ទនៈ និងភោជនីយដ្ឋាននានា ដែលមានបង្គន់អនាម័យបរិយាបន្ន សូមមេត្តាពិនិត្យឡើងវិញ ដោយមានភ្ជាប់ជាមួយសាប៊ូរលាងដៃ និងធុងសម្រាម នៅតាមបង្គន់នីមួយៗ ដើម្បីបង្ករលក្ខណៈងាយស្រួលជាមុន ដល់ក្រុមការងាររដ្ឋបាលខេត្តកណ្តាល ដែលនឹងចុះពិនិត្យ និងវាយតម្លៃជាក់ស្តែង ចាប់ពីថ្ងៃទី ០៣ ដល់ថ្ងៃទី ០៧ ខែមិថុនា ខាងមុខនេះ។
គូសបញ្ជាក់ផងដែរថា កន្លងមករដ្ឋបាលស្រុកដោយមានការសហការចូលរួមរបស់អង្គការជាតិ និងអន្តរជាតិ និងសប្បុរសជនគ្រប់ទិសទី បានសាងសង់បង្គន់អនាម័យ ជូនដល់បងប្អូនប្រជាពលរដ្ឋដែលខ្វះខាតបង្គន់ប្រើប្រាស់តាមគេហដ្ឋានទូទាំងស្រុក បានធ្វើឱ្យស្រុកអង្គស្នួល ទទួលបានពានរង្វាន់បញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់(ODF) និងបានទទួលស្គាល់ ការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់(ODF+) ទាំងស្រុងផងដែរ៕ដោយ៖ សិរី នាគ