ភ្នំពេញ៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្ដីពីការបង្កើតក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-បារាំង និងក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-ឥណ្ឌា និងការធ្វើបច្ចុប្បន្នភាពការងារមួយចំនួនទាក់ទងនឹងការងារការទូតសភា ពិសេសការងារ AIPA ក៏ដូចជាទិសដៅបន្តដែលត្រូវអនុវត្តនាពេលខាងមុខ។ កិច្ចប្រជុំនេះ បានរៀបចំឡើងនៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ក្នុងនាមជាប្រធានក្រុមជាតិអាយប៉ាកម្ពុជា បានជជម្រាបជូនអំពី អត្ថប្រយោជន៍ដែដែលកម្ពុជាទទួលបាននៅក្នុងវិស័យការទូតសភា តាមរយៈភាពសកម្មរបស់សភាកម្ពុជានៅក្នុងដំណើរការរបស់អាយប៉ា គិតចាប់តាំងពីពេលដែលបានក្លាយជាសមាជិករបស់អាប៉ា នៅក្នុងឆ្នាំឆ្នាំ១៩៩៩ និងថា កម្ពុជាបានអនុវត្តយ៉ាងត្រឹមត្រូវទៅតាមនីតិវិធីនានារបស់អាយប៉ា។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ក៏បានជម្រាបជូនអង្គប្រជុំអំពីការបែងចែកការទទួលខុសត្រូវ រវាងរដ្ឋសភា និងព្រឹទ្ធសភា ក្នុងការដឹកនាំ រៀបចំ ចូលរួមកិច្ចប្រជុំផ្សេងៗជាមួយសភាអន្តរជាតិ ក៏ដូចជាកិច្ចសហការគ្នានៅក្នុងដំណើរការ ការងារការទូតសភាទាំងទ្វេភាគី និងពហុភាគី។
បន្ទាប់ពីបានផ្ដល់វេទិកាជូនឯកឧត្ដម លោកជំទាវ ដែលជាសមាជិកអង្គប្រជុំមានមតិយោបល់លើកឡើងអំពីសកម្មភាការងារមួយចំនួនទាក់ទងនឹងការអនុវត្តនាពេលកន្លងមក និងការត្រៀមសម្រាប់សកម្មភាពការងារដែលត្រូវបំពេញនាពេលខាងមុខ ពិសេសទាក់ទងនឹងការងារអាយប៉ា ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានមានប្រសាសន៍ផ្ដាំផ្ញើដល់សមាជិកអង្គប្រជុំទាំងអស់ សូមរួមគ្នាដើម្បីស្វែងរក និងការពារផលប្រយោជន៍របស់ប្រទេសជាតិ និងប្រជាជន តាមរយៈការធ្វើកិច្ចសហប្រតិបត្តិការជាមួយប្រទេសជាមិត្ត ស្របតាមចក្ខុវិស័យអភិវឌ្ឍន៍ជាតិ៕SRN