កំពត៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា សម្ភារៈសម្រាប់សាងសង់នូវព្រែកជីក ហ្វូណនតេជោ បានត្រៀមរួចរាល់អស់ហើយ ហើយនឹងបើកការដ្ឋានសាងសង់នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ ។
ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការកំពង់ផែពហុបំណងកំពត ស្ថិតនៅក្រុងបូកគោ ខេត្តកំពតនាថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណននឹងផ្តល់ផលប្រយោជន៍ជូនប្រជាជន និងប្រទេសជាតិរាប់រយឆ្នាំ ទៅខាងមុខនេះ ហើយរាជរដ្ឋាភិបាលនឹងកាន់កាប់ភាគហ៊ុន ច្រើនជាងក្រុមហ៊ុនឯកជនរបស់ចិន សម្រាប់គម្រោងព្រែកជីកហ្វូណនតេជោនេះ ពោលគឺរហូតដល់ជាង៥០ភាគរយ។
ជាមួយគ្នានោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក៏បានប្រកាសថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលបានប្រកាសគាំទ្រនូវគម្រោងព្រែកជីកហ្វូណនតេជោនេះ យ៉ាងភ្លូកទឹកភ្លូកដី ប៉ុន្តែទោះជាយ៉ាងណាសម្តេចធិបតី ក៏បានរំលឹកដល់បងប្អូនមួយចំនួនតូចផងដែរ បើស្រឡាញ់ជាតិពិតប្រាកដ ចង់បានឯករាជ្យភាព ក្នុងវិស័យដឹកជញ្ជូន ចង់ឃើញស្នាដៃជាប្រវត្តិសាស្រ្តរបស់ខ្មែរពិតប្រាកដ សូមគាំទ្រនូវគម្រោងនេះ ខណៈគម្រោងនេះ នឹងបម្រើដល់ផលប្រយោជន៍ជាតិទាំងមូល៕SRN