ភ្នំពេញ៖ នេះបើតាមឯកឧត្ដម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ឱ្យដឹងថា ទូរថភ្លើង Kiha-183 ប្រភេទ DMU(Diesel Multiple Unit) ដែលទើបយកមកពីជប៉ុនចំនួន ៥គ្រឿងបន្ថែមទៀត និងទើបកែសម្រួលប្រព័ន្ធជើងក្រោម និងបច្ចេកទេសរួចរាល់ បានដាក់ឱ្យដំណើរការបើកធ្វើតេស្តសាកល្បងរត់ពីព្រះសីហនុ មកភ្នំពេញកាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ ប្រកបដោយជោគជ័យ ។
ទូរថភ្លើងចំនួន ៥គ្រឿងថ្មីនេះ ត្រូវបានដាក់ឱ្យដំណើរការសាកល្បង នៅបន្ទាប់ពីទូរថភ្លើងដូចគ្នានេះចំនួន ៤គ្រឿង ត្រូវបានដាក់ឱ្យដំណើរការបើកធ្វើតេស្តសាកល្បងដោយជោគជ័យទាំងលើផ្លូវភាគខាងត្បូងភ្នំពេញ និងភាគខាងជើងភ្នំពេញកាលពីពេលថ្មីៗកន្លងមកនេះរួចមក។
ឯកឧត្ដម ផន រឹម បានឱ្យដឹងបន្ថែមថា ក្រុមការងារបច្ចេកទេសនាយកដ្ឋានផ្លូវដែក នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះពិនិត្យ តាមដានដំណើរការបើកសាកល្បងនេះ បន្ទាប់ពីកែសម្រួលប្រ ព័ន្ធហ្វ្រ័ង និងទទឹងកង់ពីស្តង់ដាផ្លូវដែកជប៉ុន មកស្តង់ដាផ្លូវដែកនៅកម្ពុជារួចមក។
ក្រុមការងារបច្ចេកទេសនាយកដ្ឋានផ្លូវដែកនៃក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងក្រុមហ៊ុន Royal Railway Cambodia(RRC) ក៏បានពិនិត្យ និងសិក្សារួមគ្នាលើដំណើរការកង់, ប្រព័ន្ធហ្វ្រ័ង, ម៉ាស៊ី នត្រជាក់, ច្រកទ្វារសម្រាប់អ្នកដំណើរ, ច្រកទ្វារសុវត្ថិភាព, សម្ភារៈបរិក្ខារ និងការងារផ្សេងៗទៀត ដើ ម្បីប្រាកដថា មានសុវត្ថិភាពខ្ពស់សម្រាប់ដឹកជញ្ជូនអ្នកដំណើរ មុននឹងសម្រេចដាក់ឱ្យដំណើរការជាផ្លូវការនាពេលឆាប់ៗខាងមុខនេះ។
នៅពេលដាក់ឱ្យដំណើរការជាផ្លូវការ Kiha-183 នឹងត្រូវដាក់ឱ្យរត់ដោយបែងចែកជាពីរក្នុងនោះ ខ្សែរត់លើផ្លូវភាគខាងត្បូង គឺភ្នំពេញ-ព្រះសីហនុ តម្រូវឱ្យបើកបរក្នុងល្បឿន ៨០ គីឡូម៉ែត្រក្នុងមួយម៉ោង និងខ្សែរត់លើផ្លូវភាគខាងជើង គឺភ្នំពេញ-ប៉ោយប៉ែត តម្រូវឱ្យបើកបរក្នុងល្បឿនចន្លោះពី ៣០ ទៅ ៥០ គីឡូ ម៉ែត្រក្នុងមួយម៉ោង៕ដោយ៖ សិរី នាគ