ព្រះវិហារ ៖ លោកឧត្តមសេនីយ៍ទោ អ៊ុំ វណ្ណា អនុប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ត្រូវបានប្រភពអះអាងថា មានការជំពាក់វាក់វិននឹងរបររកស៊ីឈើរបស់ក្រុមហ៊ុនមួយចំនួន នៅខេត្តកំពង់ធំ និងព្រះវិហារ នឹកគ្រាដែលខ្លួនជាសមត្ថកិច្ចក្នុងការបង្ក្រាបបទល្មើស។ លោកឧត្តមសេនីយ៍ទោ តែងតែនិយាយថា ខ្លួនមិនបានយកតួនាទីនគរបាលទៅប្រព្រឹត្តអំពើផ្ដេសផ្ដាសខុសច្បាប់ប្រទេសជាតិនោះឡើយ។ អ្វីដែលខ្លួនបានធ្វើ គឺស្របទៅតាមច្បាប់ក្នុងនាមគណៈកម្មការបង្ក្រាបបទល្មើសធនធានធម្មជាតិ។
លោកឧត្តមសេនីយ៍ទោ អ៊ុំ វណ្ណា អនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារបង្រ្កាបបទល្មើសធនធានធម្មជាតិ ប្រចាំខេត្តព្រះវិហារ កំពង់ធំ ត្រូវទៅប្រកបមុខរបររកស៊ីប្រមូលទិញឈើដោយខុសច្បាប់ឲ្យទៅក្រុមហ៊ុនមួយ ដោយឥតខ្លាចញញើតច្បាប់ឡើយ នឹងអ្វីទាំងអស់។ លោកបានប្រើកម្លាំងនគរបាលក្រោមឱវាទ ដើម្បីបម្រើផលប្រយោជន៍ឯកជនរបស់ខ្លួនក្នុងនាមអ្វីដែលគេហៅថា ក្រុមការងារបង្ក្រាបធនធានធម្មជាតិ។
យោងតាមប្រភពព័ត៌មានពីមន្ដ្រីនគរបាលក្រសួងមហាផ្ទៃ បានឲ្យដឹងថា លោកឧត្ដមសេនីយ៍ទោ អ៊ុំ វណ្ណា ចាត់តាំងមន្រ្តីក្រោមឪវាទរបស់ខ្លួនប្រមូលទិញឈើខុសច្បាប់ និងកាងឈើពីក្រៅចូលមកក្នុងក្រុមហ៊ុននៅចំណុចក្រុមទី១ របស់ក្រុមហ៊ុនបាយស៊ីអូធឹក ស្ថិតនៅភូមិអន្សោងធ្លាក់ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។ ពួកមន្ត្រីនគរបាលច្រើននាក់កំពុងបម្រើផលប្រយោជន៍បុគ្គលលោកឧត្តមសេនីយ៍ទោ អ៊ុំ វណ្ណា ក្រោមផ្លាកចាំបង្ក្រាបបទល្មើសធនធានធម្មជាតិ។ ចំណុចនេះលោកនាយឧត្តមសេនីយ៍ សៅ សុខា ពិនិត្យមើលផង។
ដោយមានការពាក់ព័ន្ធនិងក្រុមហ៊ុនដោនផ្លានថេសិន ស្ថិតនៅក្នុងភូមិត្មាតប៉ើយ ឃុំព្រីងធំ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ លោកឧត្តម សេនីយ៍ទោ បានប្រមូលទិញឈើដោយខុសច្បាប់ ដើម្បីដឹកជញ្ជូនយកទៅលាក់ទុកនៅក្នុងឃ្លាំងក្រុមហ៊ុនអង្គរផ្លាយហ្វួត ដោយមានការពាក់ព័ន្ធនិងក្រុមហ៊ុនដោនផ្លានថេសិន ស្ថិតនៅក្នុងភូមិត្មាតប៉ើយ ឃុំព្រីងធំ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ យកទៅស្រុកមុខកំពូល ខេត្ត កណ្តាល ដើម្បីត្រៀមដាក់ចូលទូកុងន័រសម្រាប់ដឹកជញ្ជូនឈើចេញទៅក្រៅប្រទេស។ ទង្វើបែបនេះ ពួកគេបានធ្វើរយៈពេលជាយូរខែមកហើយ មិនតែប៉ុណ្ណោះកម្លាំងសមត្ថកិច្ចជាច្រើននៅក្រោមឱវាទ របស់លោកឧត្តមសេនីយ៍ទោ អ៊ុំ វណ្ណា ត្រូវបានបញ្ជូនឲ្យទៅធ្វើការនៅខេត្តព្រះវិហារ។
សកម្មភាពរបស់លោកឧត្តមសេនីយ៍ទោ ប្រព្រឹត្តទង្វើដោយមិនប្រក្រតីនេះ ត្រូវបានមហាជនសើចចំអកថា មានតួនាទី និងឋានៈខ្ពង់ខ្ពស់សម្រាប់ដឹកនាំបង្រ្កាបបទល្មើសធនធានធម្មជាតិ បែរជាយកតួនាទីបុណ្យស័ក្កមកនិងបទល្មើសព្រៃឈើទៅវិញ។ ប្រការនេះគណៈកម្មាធិការបង្ក្រាបបទល្មើសធនធានធម្មជាតិ ដែលដឹកនាំដោយលោកនាយឧត្តមសេនីយ៍ សៅ សុខា គួរពិនិត្យឲ្យបានច្បាស់លាស់ចំពោះទង្វើប្រចាំថ្ងៃ របស់លោកឧត្តមសេនីយ៍ទោ អ៊ុំ វណ្ណា នេះផង។
មហាជនក៏ដូចជាមន្រ្តី កំពុងឃ្លាំមើលការអនុវត្តច្បាប់ របស់ក្រសួងមហាផ្ទៃ ក្នុងការរបង្រ្កាបបទល្មើសសេដ្ឋកិច្ច និងបានសុំទទូចដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មេត្តាជួយបើកការស៊ើបអង្កេតករណីដែលបានរាប់រៀបខាងលើ ដើម្បីរក្សាធនធានសម្បត្តិរដ្ឋជាផលប្រយោជន៍ជាតិផង។
ជុំវិញករណីខាងលើនេះ ជាមួយក្រុមអ្នកសារព័ត៌មាន នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ អ៊ុំ វណ្ណា អនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ បានប្រាប់អង្គភាពយើងតាមប្រព័ន្ធតេលេក្រាមថា៖ «អរគុណហើយប្អូនបងដូចជាអត់ចង់និយាយអីច្រើនទេ ដោយសារស្អីគេអ្នកចុះគាត់បានបកស្រាយបំភ្លឺអស់ហើយៗ ខ្ញុំមានមេធាវីខ្ញុំបំភ្លឺហើយ ចឹងខ្ញុំអត់ចង់និយាយអីច្រើនទេ ប្អូនយល់យ៉ាងម៉ិចតាមវិជ្ជាជីវៈររបស់ប្អូនទៅ តែបើប្អូនបានទទួលព័ត៌មានមិនពិតហើយយកទៅចុះនោះជារឿងរបស់ប្អូន ហើយខ្ញុំក៏បានធ្វើសេចក្តីថ្លែងការជូនថ្នាក់ដឹកនាំអស់ហើយ»។
ដោយឡែក លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឲដឹងតាមប្រព័ន្ធតេលេក្រាមឲ្យដឹងថា៖ «ខាងក្រុមហ៊ុនគាត់បានឆ្លើយបំភ្លឺបកស្រាយហើយៗ ខាងអជ្ញាធរដែនដីក៏បញ្ជាក់មកថា វាមិនមានអី! បងមើលទៅតាមនឹង សូមអរគុណច្រើនបង»។ ក្នុងនោះលោកឧត្តមសេនីយ៍ត្រី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក៏បានបាញ់លិខិតបំភ្លឺរបស់ក្រុមមេធាវីរបស់ក្រុមហ៊ុនចំនួន២ច្បាប់មកឲ្យផងដែ៕ SRN