ភ្នំពេញ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដឹកនាំសហកាជាមួយអធិការនគរបាលខណ្ឌទួលគោក ស្រាវជ្រាវឃាត់ខ្លួនជនដៃដល់ចាប់ខ្លួនបាននៅខេត្តសៀមរាប។
ប្រតិបត្តិការនេះ ឃាត់ខ្លួនបានធ្វើឡើងនៅយប់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំសហការស្រាវជ្រាវជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងស្នងការដ្ឋាននគរបាលខេត្តសៀមរាប ក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងតំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបាននៅចំណុចមុខវិទ្យាល័យអង្គរ ក្រុងសៀមរាប ខេត្តសៀមរាប។
ប្រភពព័ត៌មានបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ចាន់ ដាលីន អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកភោជនីយ៍ដ្ឋាន មួយកន្លែង ទីលំនៅស្នាក់បន្ទប់ជួលគ្មានលេខជាន់ទី១ ផ្លូវលេខ២៨៧ ភូមិ១១ ក្រុម៤១ សង្កាត់បឹងកក់១ និងទីលំនៅកំណើតនៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។ ដោយឡែក សពជនរងគ្រោះឈ្មោះ សួន មករា ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិខ្មែ មុខរបរបុគ្គលិកភោជនីយ៍ដ្ឋាន ជាមួយគ្នានឹងជនសង្ស័យ ទីលំនៅស្នាក់នៅបន្ទប់កើតហេតុខាងលើ។
ជនសង្ស័យបានសារភាពថា មូលហេតុដែលខ្លួនច្របាច់កសម្លាប់នារីដែលជាសង្សា ព្រោះតែរឿងប្រច័ណ្ឌ។
គួរបញ្ជាក់ផងដែរ កាលពីយប់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ មានករណីឃាតកម្មសម្លាប់ ដែលបង្កដោយបុរសម្នាក់ ច្របាច់កសម្លាប់សង្សាខ្លួនឯងនៅចំណុចបន្ទប់ជួលគ្មានលេខជាន់ទី១ ផ្លូវលេខ២៨៧ ភូមិ១១ ក្រុម៤១ សង្កាត់បឹងកក់១ ខណ្ឌទួលគោគ រាជធានីភ្នំពេញ។
ក្រោយឃាត់ខ្លួនកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រគល់ជនសង្ស័យឲ្យអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសួរនាំ និងកសាងសំណុំរឿងតាមនីតិវិធី៕SRN