ភ្នំពេញ៖ ក្រុមមេធាវីស្ម័គ្រចិត្តសម្តេច ហ៊ុន សែន បានបញ្ជាក់ថា ក្រុមមេធាវី បានដាក់ពាក្យស្នើសុំ ឱ្យចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាសម្រេចរឹបអូសជាបណ្តោះអាសន្ន នូវទ្រព្យសម្បត្តិមួយចំនួន របស់ឧក្រិដ្ឋជន ស្រី ស៊ីណា ទុកជាការធានាសំណងផ្នែករដ្ឋប្បវេណី ជូនជនរងគ្រោះ ចំនួន ៤នាក់ ដែលបានស្លាប់ និងរបួស ដោយការបាញ់ប្រហារ។
ការសម្រេចដូចនេះ បន្ទាប់ពីក្រុមគ្រួសារជនរងគ្រោះ បានចូលបំភ្លឺបន្ថែមទៀត ជូនចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤។
យោងតាមការបញ្ជាក់ពី ក្រុមមេធាវីស្ម័គ្រចិត្តសម្តេច ហ៊ុន សែន ថា ទ្រព្យសម្បត្តិរបស់ឧក្រិដ្ឋជន ស្រី ស៊ីណា ដែលត្រូវបានតុលាការចេញដីការរឹបអូសជាបណ្តោះអាសន្ន រួមមាន៖
១. រថយន្តម៉ាក SSAMYONG REXTON ពាក់ស្លាកលេខ ភ្នំពេញ 2BL-9923។
២. ដីក្បាលដីលេខ 12071203-1009 មានទីតាំងស្ថិតនៅភូមិខ២ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
៣. ដីក្បាលដីលេខ 08080924-102 មានទីតាំងស្ថិតនៅភូមិពោធិ៍៤ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។
៤. ដីចម្ការ ស្ថិតនៅភូមិបាសិត សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
៥. ផ្ទះលេខ២៤ ផ្លូវ P10F បុរីប៉េងហួត សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
៦. ផ្សារបឹងសាឡាងថ្មី ផ្លូវ៩០៧ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
សូមបញ្ជាក់ថា អតីតឧកញ៉ា ស្រី ស៊ីណា ត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនជាបណ្តោះអាសន្ន នៅមណ្ឌលអប់រំកែប្រែទី១ (ពន្ធនាគារព្រៃស) ក្រោមការចោទប្រកាន់ ចំនួន៤បទល្មើស៖
ទី១-បទឃាតកម្ម
ទី២- បទប៉ុនប៉ង ឃាតកម្ម
ទី៣- បទកាន់កាប់និងប្រើអាវុធដោយគ្មានការអនុញ្ញាត
ទី៤- បទរំលោភលើលំនៅឋាន ក្នុងសំណុំរឿង ២ដាច់ដោយឡែកពីគ្នា ពាក់ព័ន្ធនឹងករណីបាញ់សម្លាប់មនុស្ស២នាក់ ជាគូដណ្តឹង និងបាញ់មនុស្ស ២នាក់ទៀត ឱ្យរបួស កាលពីវេលាម៉ោង ៣និង៥០នាទីរសៀល ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ បន្ទាប់ពីមានទំនាស់ពាក្យសម្តីរវាងអ្នកជិតខាង ដោយឧក្រិដ្ឋជន ឈ្មោះស្រី ស៊ីណា (អតីតឧកញ៉ា) បានចូលទៅក្នុងលំនៅឋានជនរងគ្រោះ រួចធ្វើសកម្មភាពបាញ់ប្រ ហារលើមនុស្ស ចំនួន៤នាក់ (ស្លាប់២ របួស២)៕SRN