(ស្វាយរៀង)៖នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត លី ធុជ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបាវិត តាងនាមសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង បានអញ្ជើញប្រកាសសមាសភាពក្រុមការងារគណបក្សចុះមូលដ្ឋានតាមសង្កាត់ទាំង៥ ក្នុងក្រុងបាវិត។
ក្នុងពិធីនោះ ឯកឧត្តម លី ធុជ បានថ្លែងអំណរគុណ និងស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះក្រុមការងារគណបក្សទាំងអស់ ដែលស្ម័គ្រចិត្តចូលរួមបម្រើការងារគណបក្ស និងផលប្រយោជន៍របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានក្រុងបាវិត។ ការចូលរួមរបស់បងប្អូនក្រុមការងារទាំងអស់ ពិតជាមានតម្លៃណាស់សម្រាប់ប្រទេសជាតិរបស់យើង។ គោលដៅរួមរបស់យើង ពិតជាមានសារៈសំខាន់ណាស់ និងធ្វើឡើងគឺដើម្បីឧត្តមប្រយោជន៍ជាតិមាតុភូមិ និងប្រជាជន។
ឯកឧត្តម លី ធុជ បានណែនាំឱ្យក្រុមការងារគណបក្សទាំងអស់ ក៏ដូចជាសមាជិក សមាជិការគណបក្សតាមសង្កាត់នីមួយៗបន្តពង្រីកសកម្មភាពរបស់ខ្លួន និងពង្រឹងទំនាក់ទំនងជាមួយប្រជាពលរដ្ឋឱ្យកាន់តែមានភាពស្និទស្នាល ហើយបញ្ជាក់ទៀតថា សកម្មភាពរបស់យើងមិនធ្វើឡើងដូចខ្យល់កន្រ្តាក់នោះទេ យើងត្រូវធ្វើសកម្មភាពជាប្រចាំ និងបន្តដំណើរយ៉ាងវែងឆ្ងាយក្នុងការកសាងនូវទំនុកចិត្ត និងទាក់ទាញប្រជាប្រិយភាពពីប្រជាពលរដ្ឋដែលជាម្ចាស់សន្លឹកឆ្នោត៕ដោយ៖ សិរី នាគ