ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានមានប្រសាសន៍បញ្ជាក់ថា សមេ្តចតេជោ ហ៊ុន សែន ជាអ្នកដឹកនាំដែលមានបទពិសោធន៍ពេញលេញ និងជាក់ស្តែងក្នុងការដឹកនាំប្រទេសឱ្យចាកចេញពីភាពក្រីក្រលំបាកតោកយ៉ាក មកកាន់ភាពសម្បូរសប្បាយរីកចម្រើនលើគ្រប់វិស័យ ដោយឈរលើគោលការណ៍លើកតម្កើងឱ្យមានការប្រតិបត្តិសាសនាដែលជាឫសគល់នៃសច្ចធម៌ ក្នុងជីវិតរស់របស់បុគ្គលគ្រប់រូប។
ការបញ្ជាក់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានធ្វើឡើងនៅក្នុងពិធីសម្ពោធឆ្លងមហាកុដិ និងសមិទ្ធផលនានា ក្នុងវត្តគិរីអម្ពរ ហៅ វត្តអន្លង់ពោង ស្ថិតនៅភូមិអន្លង់ពោង ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២នេះ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបន្តថា ការប្រកាន់នូវសច្ចធម៌នេះហើយ ជាកត្តាដែលធ្វើឱ្យសម្តេចតេជោ សម្រេចសង្គ្រោះជីវិតរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេសចេញពីមាត់មច្ចុរាជ តាមរយៈកិច្ចខិតខំការពារ និងការស្រោចវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ព្រមទាំងបានកៀរគរនូវធនធានពីគ្រប់មជ្ឈដ្ឋានទាំងជាតិ និងអន្តរជាតិ ក្នុងគោលបំណងធ្វើយ៉ាងណាឱ្យពលរដ្ឋរស់រានមានជីវិត ដែលចំណុចនេះ វាផ្ទុយពីទង្វើរបស់អ្នកនយោបាយជ្រុលនិយមមួយចំនួន ដែលប្រកាន់ខ្ជាប់នូវគំនិតអគតិ ហើយមិនបានបញ្ចេញគុណសម្បត្តិជាដុំកំភួនជាក់ស្តែងណាមួយទេ ក្នុងការជួយប្រជាជន និងកសាងប្រទេសជាតិ ប៉ុន្តែបែរជាចាំតែយកជើងរាទឹក៕ដោយ៖ សិរី នាគ