ក្នុងរយៈពេលចុងក្រោយនេះ នៅតែមានមនុស្សមួយក្រុមតូច បន្តព្យាយាមផ្សព្វផ្សាយព័ត៌មានមិនពិត ទាំងខ្លឹមសារសំណេរ រូបភាព វីដេអូ និងការអត្ថាធិប្បាយគ្មានសច្ចធម៌ផ្សេងៗ ដោយប្រៀបធៀប
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងចេតនាញុះញង់ និងបំភ័ន្តឱ្យសាធារណមតិមានការយល់ច្រឡំ ចំពោះគោលជំហរដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តមអភិសន្តិបណ្ឌិតនិងសាមគ្គីភាពផ្ទៃក្នុងដ៏រឹងមាំ របស់គណបក្សប្រជាជនកម្ពុជា។
ចេតនាទុច្ចរិតនេះ គឺជាក្រឡានយោបាយចាស់គំរឹល ដែលក្រុមប្រឆាំងអស់ក្បួន តែងយកមក ប្រើប្រាស់ដើម្បីបំបែកបំបាក់ផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជា ម្តងហើយម្តងទៀត ទោះបីជាទីបំផុតគ្មាន បានផលអ្វី ក្រៅតែពីធ្វើឱ្យគណបក្សចាស់វស្សាមួយនេះកាន់តែមានភាពធន់ និងកាន់តែមានសាមគ្គីភាព ផ្ទៃក្នុងល្អឡើងៗ។
ក្នុងន័យនេះ អ្នកនាំពាក្យ ឯកឧត្តមអភិសន្តិបណ្ឌិត សូមបញ្ជាក់ជូនថា ឯកឧត្តមអភិសន្តិបណ្ឌិត មិនមែនជាមនុស្សប្រជែងមុខតំណែង ដូចពាក្យអុចអាលញុះញង់នោះទេ ប៉ុន្តែ ឯកឧត្តមអភិសន្តិបណ្ឌិត តែងតែប្រកាន់វប្បធម៌រួមចំណែក រួមរែកពន់ រួមគិត រួមធ្វើ រួមទទួលខុសត្រូវ ដោយប្រកាន់ខ្ជាប់នូវ បុព្វហេតុមួយដ៏ច្បាស់លាស់ គឺធ្វើអ្វីៗគ្រប់បែបយ៉ាងដើម្បីជាតិ និងផ្តល់ភាពកក់ក្តៅជូនប្រជាជន ជាទី ស្រលាញ់ស្មើជីវិត។
ក្នុងក្របខណ្ឌគណបក្ស ឯកឧត្តមអភិសន្តិបណ្ឌិត គោរពការសម្រេចចិត្តរបស់អង្គមហាសន្និបាត គណបក្ស គោរពគោលការណ៍ដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។ ដូចគ្នានេះ ក្នុងក្របខណ្ឌរាជរដ្ឋាភិបាល ឯកឧត្តម អភិសន្តិបណ្ឌិត គោរពដោយម៉ឺងម៉ាត់បំផុតនូវឋានានុក្រមការងារ ជាពិសេសការសម្រេចចិត្តរបស់ រាជរដ្ឋាភិបាល ក្រោមមាគ៌ាដឹកនាំប្រកបដោយភាពឈ្លាសវៃ និងទស្សនវិស័យដ៏ជឿនលឿន របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា។
ឈរលើស្មារតីឥតងាករេនេះ! ឯកឧត្តមអភិសន្តិបណ្ឌិត អំពាវនាវដល់សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា និងសាធារណជនទាំងក្នុង និងក្រៅ ប្រទេស សូមកុំចាញ់ល្បិចកលញុះញង់របស់ក្រុមជ្រុលនិយម ជាពិសេសក្រុមអ្នកនយោបាយប្រឆាំង អស់ក្បួនមួយចំនួនតូច ដែលតែងតែប្រើគ្រប់វិធីសាស្ត្រស្មោកគ្រោក ដើម្បីសម្រេចមហិច្ឆតាដណ្តើម អំណាច ដោយមិនគិតពីផលវិបាកធ្ងន់ធ្ងរចំពោះជាតិ និងប្រជាជន ដែលធ្លាប់ឆ្លងកាត់ទុក្ខវេទនា រាប់មិនអស់ក្នុងប្រវត្តិសាស្ត្រដ៏ជូរចត់របស់ខ្លួន ព្រោះតែល្បែងនយោបាយលាបពណ៌ ញុះញង់ និង បំបែកបំបាក់។
ឯកឧត្តមអភិសន្តិបណ្ឌិត ក៏អំពាវនាវដល់ជនរួមជាតិ មានជំនឿចិត្ត និងបន្តគាំទ្ររាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់ សម្តេចធិបតី ដើម្បីសម្រេចជោគជ័យលើការអនុវត្ត យុទ្ធសាស្ត្របញ្ចកោណ និងសូមរក្សាស្មារតីជឿជាក់ខ្ពស់ថា គណបក្សប្រជាជនកម្ពុជា ដែលមានប្រវត្តិ រួមសុខ រួមទុក្ខជាមួយប្រជាជន ក្នុងដំណើរជាតិគ្រប់កាលៈទេសៈ ជាង៧០ឆ្នាំមកនេះ គ្មានថ្ងៃអនុញ្ញាត ឱ្យប្រទេសដែលធ្លាប់កម្សត់មួយនេះ វិលទៅរកអតីតកាលដ៏ខ្មៅងងឹតជាថ្មីទៀតឡើយ ផ្ទុយទៅវិញ មាន តែការរួបរួមសាមគ្គីគ្នា ដើម្បីបន្តថែរក្សាសុខសន្តិភាព និងខិតខំអភិវឌ្ឍន៍ជាតិឱ្យកាន់តែរុងរឿងស៊ីវិល័យ ដោយឈរលើបាវចនា ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និងវឌ្ឍនភាពសង្គម៕ដោយ៖ សិរី នាគ