Breaking News

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជួបពិភាក្សាជាមួយមេបញ្ជាការកងកម្លាំងស្វ័យការពារជើងគោកជប៉ុន ដើម្បីពង្រឹងទំនាក់ទំនង ឱ្យកាន់តែស្អិតរមួត

ជប៉ុន៖ នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកបានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ YOSHIDA Yoshihide មេបញ្ជាការកងកម្លាំងស្វ័យការពារជើងគោកជប៉ុន នៅទីស្តីការក្រសួងការពារជាតិនៃប្រទេសជប៉ុន។

ក្នុងជំនួបនេះដែរ ដើម្បីពិភាក្សាការងារ ក្នុងឱកាសនៃការបំពេញទស្សនកិច្ចផ្លូវការរបស់គណៈប្រតិភូជាន់ខ្ពស់កងទ័ពជើងគោកកម្ពុជារយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ នៅក្នុងប្រទេសជប៉ុន ដើម្បីអបអរខួបទី៣០ ឆ្នាំ នៃប្រតិបត្តិការរក្សាសន្តិភាព (PKO) របស់ជប៉ុននៅកម្ពុជា ដែលជាប្រតិបត្តិការក្រៅប្រទេសលើកទី១ របស់កងកម្លាំងស្វ័យការពារជប៉ុន ក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ។

ក្នុងជំនួបនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ YOSHIDA Yoshihide បានសម្តែងការស្វាគមន៍ចំពោះការអញ្ជើញមកដល់របស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងគណៈប្រតិភូកងទ័ពជើងគោក នៅក្នុងប្រទេសជប៉ុន ទោះបីស្ថិតនៅក្នុងកាលៈទេសៈនៃជំងឺកូវីដ-១៩ ក៏ដោយ ដែលជាឱកាសពិសេសសម្រាប់ការពិភាក្សាអំពីការពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកងទ័ពជើងគោកកម្ពុជា និងកងកម្លាំងស្វ័យការពារជើងគោកជប៉ុន ឱ្យកាន់តែជិតស្និទ្ធ និងរឹងមាំ។

ក្នុងនោះ មេបញ្ជាការកងកម្លាំងស្វ័យការពារជើងគោកជប៉ុន ក៏បានគូសបញ្ជាក់អំពីការបន្តជួយដល់កងទ័ពកម្ពុជាលើការកសាងពង្រឹងសមត្ថភាពតាមរយៈការហ្វឹកហ្វឺនលើជំនាញសំខាន់ៗ ដើម្បីឆ្លើយតបនឹងស្ថានការណ៍សន្តិសុខសង្គ្រាមមិនមែនប្រពៃណីដូចជាការវាយប្រហារដោយប្រើប្រាស់ប្រព័ន្ធអ៉ីនធើណេត និងបច្ចេកវិទ្យាទំនើប បញ្ហាគ្រោះមហន្តរាយ និងជំងឺរាតត្បាតនានា ព្រមទាំងការគាំទ្រឱ្យមានការរៀបចំលំហាត់រួមក្នុងកម្រិតណាមួយនៅពេលអនាគត។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានថ្លែងអំណរគុណផងដែរចំពោះកម្ពុជាក្នុងនាមជាប្រទេសទី១នៅអាស៊ីអាគ្នេយ៍ ដែលបានគាំទ្រគំនិតផ្តួចផ្តើម “យុទ្ធសាស្ត្រតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហរ (FOIP)” របស់ជប៉ុន ដើម្បីសន្តិភាពស្ថិរភាព ការអភិវឌ្ឍ និងវិបុលភាពរួមនៅក្នុងតំបន់ និងលើសកលលោក។

ជាការឆ្លើយតប ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បាន រំលឹកអំពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិក៏ល្អរវាងប្រទេសទាំងពីរ និងបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល កងស្វ័យការពារជប៉ុន និងប្រជាជនជប៉ុន ដែលតែងបានជួយគាំទ្រកម្ពុជានៅក្នុងដំណាក់កាលស្វែងរកសន្តិភាព ដំណាក់កាលស្តារកសាងប្រទេសក្រោយសង្គ្រាម និងរហូតមកដល់ដំណាក់កាលបច្ចុប្បន្នដែលជាដំណាក់កាលអភិវឌ្ឍប្រទេសឱ្យរុងរឿង។ ជាពិសេស ឯកឧត្តម បានសង្កត់ធ្ងន់លើការរីកចម្រើនគួរឱ្យកត់សម្គាល់នៃលទ្ធផលកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រួមទាំងវិស័យយោធាចាប់តាំងពីឆ្នាំ២០១៣មក ដែលជាឆ្នាំនៃការចាប់ផ្តើមភាពជាដៃគូយុទ្ធសាស្ត្ររវាងរាជរដ្ឋាភិបាលទាំងពីរ ក៏ដូចជា ជាឆ្នាំនៃកិច្ចសហប្រតិបត្តិការនិងការផ្លាស់ប្តូរផ្នែកយោធា រវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ។

ជាមួយគ្នានេះ ឯកឧត្តម អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក ក៏បានអរគុណចំពោះភាគីមិត្តជប៉ុនដែលតែងបានជួយដល់កងទ័ពជើងគោកកម្ពុជាលើការងារបណ្តុះបណ្តាលធនធានមនុស្ស តាមរយៈការផ្តល់អាហារូបករណ៍រយៈពេលវែងសម្រាប់វគ្គនាយទាហានសកម្ម និងវគ្គបញ្ជាការសេនាធិការជាដើម។

ជារួម ភាគីទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អ ជាពិសេសការបង្ហាញនូវឆន្ទៈ និងកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំកងទ័ពជើងគោកកម្ពុជា និងកងកម្លាំងស្វ័យការពារជើងគោកជប៉ុន ក្នុងការភ្ជាប់ទំនាក់ទំនងឱ្យកាន់តែស្អិតរមួត។ ជាទិសដៅទៅមុខ ភាគីទាំងពីរបានឯកភាពនឹងបន្តកិច្ចពិភាក្សា ដើម្បីធ្វើយ៉ាងណាឈានទៅពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការឱ្យមានលក្ខណៈកាន់តែរីកចម្រើន និងខិតជិតទៅរកការផ្សារភ្ជាប់រវាងអង្គភាព និងអង្គភាព ក៏ដូចជារវាងយោធិន និងយោធិន។

គួរបញ្ជាក់ថា នេះគឺជាដំណើរទស្សនកិច្ចផ្លូវការក្រៅប្រទេសលើក ទី១ របស់មេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ បន្ទាប់ស្ថានភាពនៃជំងឺកូវីដ-១៩ បានធូរស្រាលប្រសើរជាងមុន ហើយដែលជាការភ្ជាប់ទំនាក់ទំនងជាលក្ខណៈប្រវត្តិសាស្ត្របន្ថែមទៀតរវាងកងទ័ពជើងគោក និងប្រទេសជាតិទាំងពីរ បន្ទាប់ពីការបំពេញទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ YUASA Goro [អតីត] មេបញ្ជាការកងកម្លាំងស្វ័យការពារជើងគោកជប៉ុន នៅកម្ពុជា ក្នុងឆ្នាំ២០២០កន្លងទៅ៕ ដោយ៖ សិរី នាគ

 

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *