ព្រះសីហនុ៖ ដោយអនុវត្តតាមផែនការដ៏ខ្ពង់ខ្ពស់ របស់អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ ដើម្បីរក្សា សន្តិសុខ សុវត្ថិភាព ទប់ស្កាត់ បង្ការបង្ក្រាបបទល្មើស ជូនប្រជាពលរដ្ឋ លោកវរសេនីយ៍ទោ ដូង វណ្ឌី អធិការនគរបាលស្រុកកំពង់សីលា បានដាក់បញ្ជាអោយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ចុះល្បាតតាមភូមិឃុំ និងតំបន់ងាយកើតបទល្មើស នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ៤: ៣០ នាទី ទាបភ្លឺ កម្លាំងប៉ុស្តិ៍រដ្ឋបាលកំពង់សីលា បានចុះល្បាតក្នុងភូមិសាស្ត្ររបស់ខ្លួន ហើយប្រទះឃើញជនសង្ស័យចំនួន០២នាក់ កំពុងធ្វើសកម្មភាព បណ្តើរម៉ូតូ ០១គ្រឿង នៅចំនុចផ្លូវបេតុងចូលផ្សាកំពង់សីលា ស្ថិតក្នុងភូមិចាំស្រី ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ដោយមានការសង្ស័យ ក៏បានសួរនាំតែអ្នកទាំង២នាក់ តែជនសង្ស័យទាំង២នាក់និយាយមកមិនប្រក្រតី ហើយក៏បាននាំខ្លួនជនសង្ស័យ មកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីតេស្តរកសារធាតុគ្រឿងញៀន ជាលទ្ធផល មានវិជ្ជមានសារធាតុញៀន ទាំង២នាក់។
១/.ឈ្មោះ ខុម វៃ ភេទប្រុស អាយុ ៣៣ឆ្នាំ មានទីលំនៅភូមិ៥ ឃុំត្រែងត្រយឹង ស្រុក ភ្នំស្រួច ខេត្តកំពង់ស្ពឺ មុខរបរមិនពិតប្រាកដ។
២/.ឈ្មោះ ភូក រាជ ភេទប្រុស អាយុ ៣០ឆ្នាំ មានទីលំនៅភូមិត្រែងត្រយឹង ឃុំត្រែងត្រយឹង ស្រុក ភ្នំស្រួច ខេត្តកំពង់ស្ពឺ មុខរបរមិនពិតប្រាកដ ។
ផ្នែកជំនាញព្រហ្មទណ្ឌ ក៏បានធ្វើការបន្ត រហូតដល់ជនសង្ស័យឈ្មោះ ខុម វៃ ភេទប្រុស អាយុ ៣៣ឆ្នាំ បានសារភាពថា ប្រហែល១០ថ្ងៃមុនខ្លួន និងបក្សពួក ០២នាក់ទៀត មានទីលំនៅជាមួយគ្នា បានជិះម៉ូតូមួយគ្រឿង របស់ខ្លួន មកធ្វើសកម្មភាពលួចម៉ូតូ បានសម្រេច ០១គ្រឿង ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៦ នៅស្រុកកំពង់សីលា ដោយខ្លួនជាអ្នកមើលផ្លូវ ដោយឡែកបក្សពួក ២នាក់ទៀត អ្នកធ្វើសកម្មភាព។
បន្ទាប់មកផ្នែកជំនាញបានអោយឈ្មោះ ខុម វៃ ទៅចង្អុរ បង្ហាញចំនុចផ្លូវ ផ្ទះលួចម៉ូតូថ្ងៃមុន ហើយការចង្អុរ បង្ហាញនោះ គឺពិតជាផ្ទះដែលជនរងគ្រោះបានបាត់ម៉ូតូ ០១គ្រឿង កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤នោះប្រាកដមែន។
វត្ថុតាងដកហូតរួមមាន: ម៉ូតូ ០១គ្រឿងម៉ាក Yamaha exciter ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FV.2450 ១គ្រឿង, ទូរស័ព្ទដៃ ចំនួន ០២គ្រឿង, សោ លេខ៣០ ចំនួន ១ដើម, ទុលវីស ចំនួន ០១ដើម, សោតាន់តូច ចំនួន ០១ដើម។
ជនសង្ស័យ២នាក់ខាងលើត្រូវបានអធិការដ្ឋាននគរបាលស្រុកកំពង់សីលា កសាងសំណុំរឿង និងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបន្តតាមនីតិវិធី៕ដោយ៖ ចៅ ឆេះ