ខេត្តកណ្តាល ៖ កាលពីរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ លោក អ៊ុក សុវណ្ណារិទ្ធ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីកាបង្គាប់ឱ្យឃុំខ្លួនជនត្រូវចោទ ឈ្មោះ សួរ សំបូរ ហៅ សុខ សាវុទ្ធី ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកសារព័ត៌មាន តួនាទីជាចាងហ្វាង SSB TV Newsមានទីកន្លែងកំណើតភូមិពោធិ៍មៀវ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល និងមានទីលំនៅមុខពេលចាប់ឃាត់ខ្លួននៅភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ឪពុកឈ្មោះ សួរ ផ្ទះ “ស្លាប់” ម្តាយឈ្មោះ ជួប សាន “ស្លាប់” ប្រពន្ធឈ្មោះ មឿប ស៊ីណា “រស់” មានកូន ០៣នាក់ ជានីតិជន។
ប្រវត្តិនៃការផ្តន្ទាទោសដោយតុលាការធ្លាប់ជាប់ពន្ធនាគារ គ្មាន និងជនត្រូវចោទ ឈ្មោះ នឿប ប៊ុន ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកសារព័ត៌មាន តួនាទីជានិពន្ធនាយក SSB TV News មានទីកន្លែងកំណើតភូមិព្រែកស្ងោ ឃុំព្រែកខ្ពប ស្រុកឯកភ្នំ ខេត្តបាត់ដំបូង និងមានទីលំនៅមុខពេលចាប់ឃាត់ខ្លួននៅភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ឪពុកឈ្មោះ ជី នឿប “រស់” ម្តាយឈ្មោះ ម្តាយ ពត សំបូរ “រស់” ប្រពន្ធឈ្មោះ ទី ធីតា “រស់” មានកូន ០១នាក់ ជានីតិជន។
ប្រវត្តិនៃការផ្តន្ទាទោសដោយតុលាការធ្លាប់ជាប់ពន្ធនាគារ គ្មាន។
ជនត្រូវចោទទាំង២នេះត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យពីបទ ការគំរាមកំហែងហែកកេរ្តិ៍ ប្រព្រឹត្តនៅចំណុចភូមិជ្រៃធំ សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ បទល្មើសដែលមានចែងឱ្យផ្តន្ទា ទោសតាមបញ្ញត្តិមាត្រា ៣៧២ និងមាត្រា ៣៧៣ នៃក្រមព្រហ្មទណ្ឌ។
-បានឃើញ ដីកាសម្រេចឱ្យឃុំខ្លួនបណ្តោះអាសន្នលេខ ៧៦៥៣ សឃខ/ង ចុះថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤។
បង្គាប់ ៖ ១.ឱ្យភ្នាក់ងារមានសមត្ថកិច្ច នៃកងកម្លាំងសាធារណៈធ្វើការនាំខ្លួនជនត្រូវចោទដែលមានឈ្មោះ សួរ សំបូរ ហៅ សុខ សាវុធ (មានអត្តសញ្ញាណដូចខាងលើ) ទៅពន្ធនាគារខេត្តកណ្តាល ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមនីតិវិធី នៃច្បាប់ ។
២. ឱ្យប្រធានពន្ធនាគារខេត្តកណ្តាលទទួល និងឃុំខ្លួនជននេះ រហូតដល់មានបទបញ្ជាថ្មីសម្រេចផ្សេងពីនេះ ។
៣.ឱ្យគ្រប់ភ្នាក់ងារនៃកងកម្លាំងសាធារណៈទាំងអស់សហការអនុវត្តឱ្យបានល្អនៅពេលដីកានេះត្រូវបានបង្ហាញក្នុងករណីចាំបាច់ ៕SRN