Breaking News

ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី និងសម្ពោធឆ្លងសមិទ្ធផលនានាក្នុង វត្តសំរោងរ័ត្ន

ខេត្តតាកែវ៖ នៅថ្ងៃទី ០៧ ខែមិនា ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ថ្លែងក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី និងសម្ពោធឆ្លងសមិទ្ធផលនានាក្នុង វត្តសំរោងរ័ត្នស្ថិតក្នុងភូមិចុងអង្ករ ឃុំពេជសារ ស្រុកកោះអណ្តែត ខេត្តតាកែវ ។
 
នាឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា សូមអបអរសាទរចំពោះសមិទ្ធផលទាំងអស់នេះដែលកើតចេញពីសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទជិតឆ្ងាយ ដែលបានរួបរួមសាមគ្គីគ្នាកសាងទ្បើង សម្រាប់តម្កល់ទុកជាកេរដំណែលក្នុងព្រះពុទ្ធសាសនា និងសម្រាប់ប្រជាពលរដ្ឋទាំងអស់បានប្រើប្រាស់ជួបជុំធ្វើបុណ្យទានទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា។ សមិទ្ធផលទាំងនេះ ក៏ជាតំណាងនៃការរីកចម្រើនរបស់ប្រទេសជាតិក្រោមនយោបាយ ឈ្នះឈ្នះ ដែលបាននាំមកនូវសន្តិភាពពេញលេញ ទូទាំងផ្ទៃប្រទេស និងបង្កើតភាពសុខដុមរមនាសម្បូរសប្បាយ ជាការបង្កលក្ខណៈឱ្យប្រជាពលរដ្ឋមានសិទ្ធិសេរីភាពក្នុងការរស់នៅ ប្រកបការងារតូចធំ និងធ្វើបុណ្យទាន តាមជំនឿសាសនារៀងៗខ្លួន ព្រមជាមួយនឹងលទ្ធភាព ចូលរួមចំណែកក្នុងការកសាងអភិវឌ្ឍសហគមន៍ និងសង្គមជាតិទាំងមូលឱ្យកាន់តែរីកចម្រើនរុងរឿងថែមទៀត។
 
ឯកឧត្តមបានមានប្រសាសន៍បន្ថែមថា គណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្ស ព្រមទាំងសមាជិក សមាជិកា បានកសាងបុណ្យកុសលធំធេងណាស់ តាមរយៈការប្តូរផ្តាច់យកជីវិតជាដើមទុនក្នុងការសង្គ្រោះជីវិតប្រជាពលរដ្ឋកម្ពុជាពីមាត់ជ្រោះមរណៈនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលរបបនេះបានបង្ខំឱ្យពលរដ្ឋធ្វើការហួសកម្លាំង ឈឺស្លាប់ដោយគ្មានពេទ្យ និងថ្នាំព្យាបាល ព្រមទាំងបង្កការកាប់សម្លាប់ប្រជាពលរដ្ឋស្លូតត្រង់ដោយគ្មានត្រាប្រណី។ ព្រឹត្តិការណ៍បន្ទាប់ គឺថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា បានជួយប្រជាពលរដ្ឋឱ្យចាកចេញពីភ្នក់ភ្លើងសង្គ្រាមបង្ហូរឈាមរវាងខ្មែរនិងខែ្មរ តាមរយៈការដាក់ចេញនូវនយោបាយឈ្នះឈ្នះ ដែលបាននាំទៅរកការបញ្ចប់សង្គ្រាមផ្ទៃក្នុងនៅទូទាំងប្រទេស ដោយនាំមកនូវសន្តិភាពពេញលេញពាសពេញផ្ទៃប្រទេស ដែលមិនធ្លាប់មានឡើយក្នុងរយៈពេលជាង ៥០០ឆ្នាំ ចុងក្រោយនេះ។ នៅក្នុងគ្រោះវិបត្តិនៃជំងឺកូវីដ-១៩ ដែលជាហេតុការណ៍ថ្មីៗនេះ គឺការបញ្ចប់វិនាសកម្មបង្កឡើងដោយជំងឺកូវីដ-១៩ ដែលបានឆក់យកជីវិតប្រជាពលរដ្ឋយ៉ាងច្រើនក្នុងរយៈពេលដ៏ខ្លី ប៉ុន្តែដោយសារ សម្តេចតេជោ បានធ្វើការសម្រេចចិត្តជាយុទ្ធសាស្ត្របានរហ័សត្រឹមត្រូវ និងប្រកបដោយភាពហ្មត់ចត់ និងការទទួលខុសត្រូវ ទាំងក្នុងការទិញវ៉ាក់សាំង និងរៀបចំការព្យាបាលជូនប្រជាពលរដ្ឋ។ ប្រសិនបើការសង្គ្រោះមានភាពយឺតយ៉ាវ នោះមហាវិនាសកម្មទាំងបីធំៗខាងលើនេះ ប្រហែលជាអាចនឹងលេបត្របាក់យកជីវិតប្រជាពលរដ្ឋច្រើនសន្ធឹកសន្ធាប់ជាងដែលបានកើតមានទ្បើងមកនេះ ហើយក៏នឹងបង្កជាផលវិបាកតជំនាន់ផងដែរ។
 
ឯកឧត្តមបន្តថា ថ្នាក់ដឹកនាំកំពូលរបស់ប្រទេស គឺជាបុគ្គលសំខាន់ណាស់ក្នុងការកំណត់ទិសដៅអនាគត ធានាស្វែងរកសុខសន្តិភាព និងភាពសុខសាន្ត​ សម្បូរសប្បាយជូនប្រទេសជាតិ និងប្រជាជន។ ក្នុងន័យនេះ សម្តេចតេជោ ដែលជាឥស្សរជននយោបាយប្រកបដោយបទពិសោធន៍លើសលប់ និងចក្ខុវិស័យខ្ពង់ខ្ពស់ បានបង្ហាញនូវស្នាដៃ និងលទ្ធផលជាក់ស្តែងជាច្រើននៅក្នុងដំណាក់កាលផ្សេងៗនៃប្រវត្តិសាស្ត្រកម្ពុជា ទាំងលើការរំដោះជាតិ ការកសាងការពារជាតិ និងការអភិវឌ្ឍជាតិ។ ភាពប្រត្យក្ស និងសច្ចធម៌នេះ ពិតជាបានបង្ហាញថា សម្តេចតេជោ មានគុណធម៌ និងគុណសម្បត្តិលើសលប់ក្នុងការបន្តដឹកនាំនាវាកម្ពុជាឆ្ពោះទៅកាន់ត្រើយសុភមង្គល ដែលខុសស្រឡះពីអ្នកនយោបាយអគតិមួយចំនួន ដែលមិនធ្លាប់បានធ្វើអ្វីសោះ ក្រៅតែពីការញុះញង់អុចអាល បង្កភាពរើសអើង និងការស្អប់ខ្ពើមនៅក្នុងសង្គមជាតិខ្លួនឯង៕

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *