(កណ្ដាល)៖ អំឡុងខែបួសរ៉ម៉ាឌននេះ សាសនិកឥស្លាមភូមិព្រែកតាពៅ១ សង្កាត់ដើមមាន ក្រុងតាខ្មៅ និងវិហារអាល់អាហ្ស៊ីម ទទួលបាននូវជំនួយឧបត្ថម្ភជាគ្រឿងឧបភោគបរិភោគ និងថវិការមួយចំនួនសម្រាប់ស្រាយបួសអំឡុងពេលខែបួសរ៉ម៉ាឌននេះ។
ពិធីសំណេះសំណាលនិងផ្ដល់ការឧបត្ថម្ភនេះ បានធ្វើឡើងនាថ្ងៃទី១៥ ខែ មីនា ឆ្នាំ២០២៥នេះ ដែលមានវត្តមាន លោក ឌឹម បូរ៉ា ជាអនុប្រធាន ក្រុមការងារចុះជួយសង្កាត់ដើមមាន តំណាងលោកឈឿន សុចិត្ត ប្រធានក្រុមការងារចុះជួយសង្កាត់ដើមមាន ,លោក ទីន វ៉ាន់ស៊ី អនុប្រធានក្រុមការងារចុះមូលដ្ឋានភូមិព្រែកតាពៅ១ តំណាងលោកឆេង សំអឿន ប្រធានក្រុមការងារចុះជួយភូមិ, អាជ្ញាធរមូលដ្ឋាន និងបងប្អូនមូស្លីមជាច្រើននាក់។
ស្ថិតក្នុងឱកាសសំណេះសំណាលនេះ លោក ឌឹម បូរ៉ា បានលើកឡើងពីគុណបំណាច់ដ៍ធំធេងរបស់រាជរដ្ឋាភិបាលកម្ពុជាដែលបានដាក់នូវគោលនយោបាយសុខដុមនីយកម្មសាសនាបានល្អបំផុត ដែលអនុញ្ញាត្តឲ្យបងប្អូនសាសនិកមូស្លីមទូទាំងប្រទេស អនុវត្តបានយ៉ាងពេញលេញនូវសិទ្ធិសេរីភាព គោលជំនឿរបស់ខ្លួន ដោយបងប្អូនមូស្លីម អាចប្រណិបត្តិសាសនាឥស្លាមបានយ៉ាងល្អដោយគ្មានការលំបាក ឬធ្វើទុក្ខបុកម្នេញអ្វីឡើយ។
ជាក់ស្ដែង សម្រាប់ខែរ៉ម៉ាឌន ដែលជាខែបួសនេះទៀតសោត បងប្អូនមូស្លីមទូទាំងប្រទេសអាច ” បួស ” បានដោយសេរី ហើយអាចប្រណិបត្តិធម៍សាសនាបានយ៉ាងរលូនល្អ ជាមួយនឹងភាពហ្នឹងនរផ្លូវកាយ ផ្លូវកាយចិត្តអំឡុងពេលកាន់អំណត់បួសនេះ។
លោកមិនភ្លេចទេ ពីការពាំនាំការសួរសុខទុក្ខរបស់លោកឈឿន សុចិត្ត ប្រធានក្រុមការងារចុះជួយសង្កាត់ដើមមាន ដែលបានយកចិត្តទុកដាក់ និងតែងតែឧបត្ថម្ភមកដល់សាសនិកឥស្លាមនៅភូមិព្រែកតាពៅ១នេះ ដ្បិតលោកមិនមែនមូស្លីមក្ដី ប៉ុន្តែទឹកចិត្តស្រលាញ់ ពិតជាផុសចេញពីក្រអៅបេះដូង ដែលសបញ្ជាក់ឲ្យឃើញពីការរស់នៅក្នុងសង្គមសន្តិភាព សង្គមមានសុខដុមនីយកម្មបានល្អបំផុត។
តំណាងពលរដ្ឋ និងជាអ៊ីម៉ាំខេត្ត លោក ស៊ូ សេន បានថ្លែងអំណរគុណជាអនេកដល់ថ្នាក់ដឹកនាំ និងក្រុមការងារដែលបានចុះមកសួរសុខទុក្ខនិងពាំនាំមកនូវការឧបត្ថម្ភនេះ។
សូមជម្រាបថា លោកឈឿន សុចិត្ត បានឧបត្ថម្ភគ្រឿងឧបភោគបរិភោគជាច្រើនដល់វិហារសម្រាប់បងប្អូនមូស្លីមស្រាយបួសពេលល្ងាច និងថវិការចំនួន៥០ម៉ឺនរៀលដល់វិហារ ព្រមទាំងឧបត្ថម្ភដល់ការងារដែលបានខិតខំរៀបចំចំនួន៥០ម៉ឺនរៀលផងដែរ ។ បន្ថែមពីលើនេះ លោក ឌឹម បូរ៉ា បានឧបត្ថម្ភដល់វិហារចំនួន ២លានរៀល សម្រាប់បងប្អូនមូស្លីមស្រាយបួសអំឡុងពេលខែរ៉ម៉ាឌននេះ៕ដោយ៖ សិរី នាគ