ខេត្តស្វាយរៀង៖ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ បានមាន ប្រសាសន៍ថា បោះឆ្នោតមួយសន្លឹកជូនគណបក្សប្រជាជនកម្ពុជា គឺដើម្បីសន្តិភាព និងការអភិវឌ្ឍដើម្បីបានសន្លឹកឆ្នោតមួយនេះ សមាជិកគណបក្សទាំងអស់ ត្រូវបន្តកែលម្អទម្លាប់ធ្វើការ លើកកម្ពស់សេវាមូលដ្ឋាន និងលើកកម្ពស់សមត្ថភាពគ្រប់គ្រង។
ការលើកឡើងយ៉ាងដូច្នេះនៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ ក្នុងនាមលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង បានជួបសំណេះសំណាលជាមួយក្រុមការងារគណបក្សសង្កាត់ព្រៃអង្គុញ គណបក្សសង្កាត់ សាខាបក្សភូមិ អនុសាខាបក្សភូមិ និងក្រុមបក្សសរុបចំនួន ៣៥៧ នាក់។
ឯកឧត្តមទេសរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ខ្ញុំសូមវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណជូនចំពោះថ្នាក់ដឹកនាំសង្កាត់គ្រប់ជាន់ថ្នាក់ ដែលបានគាំទ្រ លើកទឹកចិត្ត និងពលីខ្ពស់ បង្កើតអោយមានសមិទ្ធផលយ៉ាងធំធេងជូនដល់ប្រជាពលរដ្ឋមូលដ្ឋាន និងសម្រាប់ភាពសុខដុមរមនារបស់ប្រជាពលរដ្ឋ ព្រមទាំងបានណែនាំឲ្យសមាជិកគណបក្ស ត្រូវបន្តកែលម្អទម្លាប់ធ្វើការ លើកកម្ពស់សេវាមូលដ្ឋាន និងលើកកម្ពស់សមត្ថភាពគ្រប់គ្រង ដើម្បីចូលរួមបម្រើប្រជាពលរដ្ឋ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋអោយកាន់តែប្រសើរឡើង។ សមិទ្ធផលទាំងនេះ បានកើតចេញពីការឆ្នោតមួយសន្លឹករបស់ប្រជាពលរដ្ឋជូនគណបក្សប្រជាជនកម្ពុជា ដែលសន្លឹកឆ្នោតនេះ បានក្លាយជាសន្លឹកឆ្នោតសន្តិភាព និងការអភិវឌ្ឍ។
បេក្ខជនឈរឈ្មោះរបស់គណបក្សប្រជាជន ដល់ពេលត្រូវចូលប្រលងហើយ ហើយលទ្ធផលជាប់ ឬធ្លាក់ គឺអាស្រ័យទៅលើទង្វើររបស់ខ្លួននៅមូលដ្ឋាន និងត្រូវការសម្លេងគាំទ្រពីប្រជាពលរដ្ឋ ដែលជាអ្នកឲ្យពិន្ទុ និងជាម្ចាស់ឆ្នោត។ ចាប់ពីពេលនេះតទៅ បេក្ខជន ទាំងអស់ ត្រូវបន្តកាន់ទង់គណបក្សប្រជាជន ដើម្បីចូលរួមការប្រកួតប្រជែងជាមួយគណបក្សដទៃ និងឆ្ពោះទៅមុខអោយដល់គោលដៅ។
ការងារបោះឆ្នោត មានឥទ្ធិពល និងមានសារសំខាន់ណាស់ សម្រាប់ការកំណត់ជោគវាសនារបស់បេក្ខជន ប្រសិនបើយើងទាំងអស់គ្នា មានគំនិត និងឧត្តមគិត នោះវាដូចជាកាំបិតដ៏មុតស្រួច ដែលអាចកាត់ផ្ដាច់អ្វីគ្រប់យ៉ាង និងឈានទៅទទួលជោគជ័យគ្រប់ភារកិច្ចហើយឧត្តមគតិ និងការមានជំនឿទុកចិត្តលើអនាគតគណបក្ស និងប្រទេសជាតិយើង ជាកាល់ស្យូម និងឆ្អឹងខ្នងនៃគណបក្សប្រជាជន៕SRN