Breaking News

សម្ដេចក្រឡាហោម ស ខេង៖ ការនាំចូលសារធាតុគីមីផ្សំ ស្របច្បាប់មក កម្ពុជា មានន័យថា គឺមានអាជ្ញាប័ណ្ណនាំចូលត្រឹមត្រូវ ប៉ុន្ដែយើងមិនបានត្រួតពិនិត្យប្រើប្រាស់ឱ្យដល់គោលដៅ តើយកធ្វើអ្វីពិតប្រាកដ? ​ដែលនេះ ជាចំណុចចន្លោះប្រហោងរបស់សមត្ថកិច្ច

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រសួងមហាផ្ទៃ បានថ្លែងថា ការនាំចូលសារធាតុគីមីផ្សំស្របច្បាប់មកកម្ពុជា មានន័យថា មានអាជ្ញាប័ណ្ណត្រឹមត្រូវ ប៉ុន្ដែសមត្ថកិច្ចមិនបានត្រួតពិនិត្យឱ្យដល់គោលដៅ តើធ្វើអ្វីពិតប្រាកដ ?​ដែលនេះ ជាចំណុចចន្លោះប្រហោងរបស់សមត្ថកិច្ច ។

ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារត្រួតពិនិត្យគ្រឿង ញៀន ឆ្នាំ២០២១ និងលើកទិសដៅការងារសម្រាប់ ឆ្នាំ២០២២ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅសណ្ឋាគារសុខាភ្នំពេញ នារសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង បានថ្លែងឱ្យដឹងថា សារធាតុផ្សំគីមី បាននាំចូលមកប្រទេសកម្ពុជា តាមរបៀបស្របច្បាប់ និងមិនស្របច្បាប់ ដែលរហូតដល់ពេលនេះ សមត្ថកិច្ច បានធ្វើការបង្ក្រាបជាបន្ដបន្ទាប់។

សម្ដេចបានបញ្ជាក់ថា «ការនាំចូលសារធាតុគីមីផ្សំស្របច្បាប់មកកម្ពុជា មានន័យថា គឺមានអាជ្ញាប័ណ្ណនាំចូលត្រឹមត្រូវ ប៉ុន្ដែយើងមិនបានត្រួតពិនិត្យប្រើប្រាស់ឱ្យដល់គោលដៅ តើយកធ្វើអ្វីពិតប្រាកដ? តាមច្បាប់អនុញ្ញាតនោះដែរឬទេ? ចំណុចនេះ ដែលជាចំណុចចន្លោះប្រហោងរបស់យើង»។

សម្ដេចបានបន្ដថា ការនាំចូលតាមរបៀបមិនស្របច្បាប់ ដឹងទាំងអស់គ្នាថា គឺគ្មានអាជ្ញាប័ណ្ណឡើយ ឬក៏អាចថា មានអាជ្ញាប័ណ្ណ តែលួចបន្លំដឹងជញ្ជូនឥវ៉ានតាមស្របច្បាប់ ឬលួចបន្លំតាមវិធីសាស្ដ្រផ្សេងៗ។ សម្ដេច បានបន្ថែមថា នាពេលកន្លងទៅសមត្ថកិច្ច បានធ្វើបង្ក្រាបសារធាតុគីមីផ្សំជាង ៣០០តោន ហើយសមត្ថកិច្ច កំពុងរកអ្នកបច្ចេកទេស ឬសារធាតុម្យ៉ាង យកមកបន្សាបសារធាតុគីមីផ្សំទាំងនោះ មុននឹងយកទៅកប់ចោលជាដើម។

ក្នុងឱកាសនោះ សម្ដេច ស ខេង ក៏បានណែនាំដល់ក្រសួងស្ថាប័នទាំងអស់ ឱ្យប្រឹងប្រែងអនុវត្តការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ដោយចាត់ទុកការងារនេះជាលក្ខណៈសម្បត្តិមួយអាទិភាព ក្នុងករណីមានមន្ត្រីប្រើប្រាស់គ្រឿងញៀន ប្រធានអង្គភាពក៏រួមចំណែកទទួលខុសត្រូវ ក៏ដូចជាការដាក់ពិន័យជាដើម៕

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *