Breaking News

រថយន្តបែនដឹកដីធុនធំបើកបុកម៉ូតូពីក្រោយហើយកិនបុរសម្នាក់បែកក្បាលធ្លាយខួរស្លាប់មួយរំពេច

ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបែនដឹកដីធុនធំបើកបុកម៉ូតូពីក្រោយនិងកិនម៉ូតូអូសជាង២០ម៉ែត្រខ្ទេចគ្មានសល់ ព្រមទាំងកិនម្ចាស់ម៉ូតូបែកក្បាលធ្លាយខួរស្លាប់យ៉ាងអាណោចអាធម៏។

បង្កការភ្ញាក់ផ្អើលដល់អ្នកដំណើរកាលពីវេលាម៉ោង១១ និង៤០នាទីព្រឹក ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវផ្លូវ១០៤ កែងផ្លូវក្រវ៉ាត់ក្រុង៣ ស្ថិតក្នុងភូមិគងនយ សង្កាត់គងនយ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ ហាក់ វណ្ណៈ ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរជាមន្ត្រីអាវុធហត្ថបំរើការងារនៅខេត្តកំពតស្នាក់នៅភូមិកក្រញូង ឃុំញ៉ែងញ៉ង ស្រុកត្រាំងកក់ ខេត្តតាកែវ មានស្រុកកំណើតនៅឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ជិះម៉ូតូម៉ាក ហុងដាស្កុបពី ពណ៌ក្រហម ពាក់ផ្លាកលេខភ្នំពេញ​  1FR-8654 អ្នកបើកបរមានឈ្មោះ ធី ឈុនណី ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរបើកបរទីកន្លែងកំណើតនៅភូមិល្វា ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពត បើករថយន្តម៉ាក ហុីយ៉ាន់ដាយ បែនដឹកដីធុនធំ ពណ៌ក្រហម ពាក់ផ្លាកលេខភ្នំពេញ 3F-9657។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ជាជនរងគ្រោះបានជិះម៉ូតូតាមបណ្ដោយផ្លូវលេខ១០៤ ទិសដៅពីលិចទៅកើតក្នុងល្បឿនល្មម ស្របពេលនោះក៏មានរថយន្តហុីយ៉ាន់ដាយដឹកដី ធុនធំ ដែលបើកបរដោយបុរសម្នាក់មកពីក្រោយក្នុងល្បឿនលឿន រួចជ្រុលបុកម៉ូតូពីក្រោយ និងបានកិនម៉ូតូអូសជាច្រើនម៉ែត្រខ្ទេចគ្មានសល់ ព្រមទាំងកិនជនរងគ្រោះបែកក្បាលធ្លាយខួរស្លាប់នៅនិងកន្លែងយ៉ាងអាណោចអាធម៏ ។ ភ្លាមនោះដែរ តៃកុងរថយន្តបង្កមិនព្រមឈប់ទទួលត្រូវនៅកន្លែងកើតហេតុនោះទេ ដោយព្យាយាមបើករត់ជាច្រើនរយម៉ែត្រ តែត្រូវប្រជាពលរដ្ឋដេញតាមឃាត់បានទាំងរថយន្តនិងតៃកុងប្រគល់ឲ្យសមត្ថកិច្ច ។

ក្រោយមក សមត្ថកិច្ចមូលដ្ឋាន សហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌដង្កោ ចុះមកធ្វើការវាស់វែងយកម៉ូតូ និងរថយន្ត ព្រមទាំងតៃកុង ប្រគល់ឲ្យខាងការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយតាមច្បាប់ ។ ដោយឡែកសពជនរងគ្រោះ ត្រូវសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យសាច់ញាតិក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕SRN

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *