Breaking News

វត្តមានសម្តេចតេជោ ហ៊ុន សែន ក្នុងកិច្ចប្រជុំកំពូលនៅជប៉ុននឹងផ្តល់ផ្លែផ្កាធំធេងជូនប្រជាជនកំពុងរស់នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក

ក្នុងដំណើរទស្សនកិច្ចនៅក្នុងប្រទេសជប៉ុន ដើម្បីចូលរួមកិច្ចប្រជុំកំពូលលើកទី៤ ស្តីពីបញ្ហាទឹក នៅតំបន់អាស៊ី-ប៉ាស៊ីហ្វីក នៅទីក្រុងគូម៉ាម៉ូតូ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងមានជំនួបជាមួយប្រមុខរដ្ឋាភិបាល នៃប្រទេសជប៉ុន ប្រទេសទូវ៉ាលូ ឡាវ នេប៉ាល់ និងបណ្តារដ្ឋមន្រ្តី មកពីប្រទេសក្នុងតំបន់អាស៊ី ប៉ាស៊ីហ្វីក ជាច្រើនរូបទៀត។ 

កិច្ចប្រជុំកំពូលលើកទី៤ ស្តីពី «បញ្ហាទឹកក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក» នឹងត្រូវធ្វើឡើង ក្រោមមូលបទ «ទឹកសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព៖ ឧត្តមានុវត្តន៍ និងអ្នកបន្តវេនជំនាន់ក្រោយ» ដែលនឹងធ្វើឡើងចាប់ពីថ្ងៃទី២៣ ដល់២៤ ខែមេសា ឆ្នាំ២០២២។

វត្តមានជាផ្លូវការរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ក្នុងកិច្ចប្រជុំកំពូលលើកទី៤ របស់គណៈកម្មាធិការប្រតិបត្តិចម្រុះ ស្តីពី “បញ្ហាទឹកនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក” បានផ្តល់នូវអត្ថប្រយោជន៍ដ៏ធំធេងជូនប្រជាជនទាំងអស់ដែលកំពុងរស់នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ជាពិសេសសម្រាប់ប្រជាជនកម្ពុជាដែលកំពុងរស់នៅតាមដងទន្លេមេគង្គ ក្នុងការប្រើប្រាស់ គ្រប់គ្រងប្រព័ន្ធទឹក និងទប់ស្កាត់ បង្ការហានិភ័យជាយថាហេតុដែលបង្កឡើងដោយគ្រោះទឹកជំនន់។ល។

ជាមួយគ្នានេះ ក៏បានចូលគ្រប់គ្រង​ ប្រេីប្រាស់ទឹកដ៏ចាំបាច់ប្រកបដោយចីរភាព​ និង​ សម្រាប់ការអភិវឌ្ឍន៍យូរអង្វែង សម្រាប់កូនចៅជំនាន់ក្រោយ​។

លើសពីនេះកិច្ចប្រជុំនេះក៏បានធ្វេីឱ្យចំណងទំនាក់ទំនងសាមគ្គីភាព មិត្តភាព សហប្រតិបត្តិការរវាងកម្ពុជា ជាមួយជប៉ុន និងរវាងកម្ពុជា ជាមួយបណ្តាប្រទេសស្ថិតនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក កាន់តែមានភាពល្អប្រសើរ ដែលនាំឱ្យកិត្តិនាម និងកេរ្តិ៍ឈ្មោះរបស់កម្ពុជាកាន់តែល្បីរន្ទឺនៅលើឆាកអន្តរជាតិ។

បើតាមកម្មវិធីដែលបានគ្រោងទុក សម្តេចតេជោនាយករដ្ឋមន្រ្តី និងជួបសន្ទនាការងារទ្វេភាគី ជាមួយសមភាគីជប៉ុន ឯកឧត្តម គីស៊ីដា ហ្វីមីអូ នាយករដ្ឋមន្រ្តីជប៉ុន ហើយនៅក្នុងជំនួបទ្វេភាគីនោះ ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ កម្ពុជា ជប៉ុន និងធ្វើជាសាក្សីនៃពិធីចុះហត្ថលេខាលើអនុស្សារណៈ នៃការយោគយល់គ្នា រវាងក្រសួងធនធានទឹក និងឧតុនិយមកម្ពុជា ជាមួយនិងក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងទេសចរណ៍ជប៉ុន ដែលចុះហត្ថលេខារវាង ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួង ធន ធានទឹក និងឧតុនិយមកម្ពុជា ជាមួយឯកឧត្តម សាយតុ តេត្យុអុ (Saito Tetsuo) រដ្ឋមន្រ្តីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងទេសចរណ៍ជប៉ុន។

នៅថ្ងៃទី២៣ ខែមេសានេះ សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូកម្ពុជា បានចាប់ផ្តើមមានជំនួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម ផនខាំ វីផាវ៉ាន់ នាយករដ្ឋមន្រ្តីឡាវ។

ទន្ទឹមនឹងនោះ សម្តេចនាយករដ្ឋមន្រ្តី នឹងជួបសន្ទនាការងារទ្វេភាគីជាមួយឯកឧត្តមអភិបាលខេត្តគួម៉ាម៉ូតូ និងបណ្តាមេដឹកនាំក្រុមហ៊ុនធំៗ របស់ប្រទេសជប៉ុនផងដែរ។

សូមជម្រាបជូនថា កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងចែករំលែកទស្សនទាន ការប្រមើមើលទៅមុខនៃដំណោះស្រាយ និងការអនុវត្ត ជូនចំពោះប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ដែលគាំទ្រដល់ការសម្រេចចិត្តជាគោលនយោបាយ ក្នុងការពន្លឿនសកម្មភាពឲ្យសម្រេចបាននូវការលូតលាស់ប្រកបដោយគុណភាព ឆ្ពោះទៅកាន់សង្គមមួយដែលមានភាពធន់ ប្រកបដោយបរិយាប័ន្ន និងដោយចីរភាព ដោយដោះស្រាយនូវរាល់បញ្ហាដែលពាក់ព័ន្ធនឹងទឹក ក្រោយពេលដែលស្ថានភាពជម្ងឺកូវីដ-១៩ បានប្រសើរឡើងវិញ ក្នុងតំបន់អាស៊ី-បាស៊ីហ្វិក៕SRN

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *