ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ ២០២១នេះ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារពិសេស ជូនជនរួមជាតិ ពាក់ព័ន្ធ ការសម្រេច ឲ្យចាក់វ៉ាក់សាំង កូវីដ១៩ ជូនកុមារ និងយុវវ័យ អាយុពី១២ ដល់ ១៧ឆ្នាំ នាពេលឆាប់ៗខាងមុខ។
បើតាមខ្លឹមសារសំលេង ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានសម្រេចបើកដំណើរការ ចាក់វ៉ាក់សាំងបង្ការ ជំងឺកូវីដ-១៩ ជូនកុមារ និង យុវវ័យ ចាប់ពីអាយុ ១២ ដល់ ១៧ ឆ្នាំ ដែលជំហានដំបូង និងដំណើរការចាក់ នៅភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្ដាល។
ដូច្នេះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវ ដល់មាតាបិតា និងអាណាព្យាបាលគ្រប់រូប ត្រៀមនាំកូនៗ ដែលមានអាយុ ចាប់ពី ១២ ដល់ ១៧ ឆ្នាំ មកទទួល ការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នា ដោយមិនគិតថ្លៃ តាមការជូនដំណឹង របស់ក្រសួងសុខាភិបាល នាពេលខាងមុខ៕ដោយ៖ សិរី នាគ