ភ្នំពេញ៖ ទីបំផុតចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី១០ខែមិថុនាឆ្នាំ២០២២បានសម្រេចចេញដីឃុំខ្លួនស្ត្រីម្នាក់ជាអាជីវករពាក់ព័ន្ធទៅនិងករណីចេញសែកស្អុយនូវទឹកប្រាក់ ចំនួន៧ម៉ឺន ដុល្លារសហរដ្ឋអាមេរិក។
យោងតាមដីកាបង្គាប់ ឱ្យឃុំខ្លួនបណ្ដោះអាសន្ន របស់ លោក ឆឹម ឬទ្ធី ជា ចៅក្រមស៊ើបសួរ នៃសាលារាជធានីភ្នំពេញ បានឱ្យដឹងថា ស្ត្រីត្រូវចោទរូបនេះ មានឈ្មោះ គង់ សុត្រាវី អាយុ ៤០ ឆ្នាំ មុខរបរជាពាណិជ្ជករ មានទីលំនៅផ្ទះលេខ១១ ផ្លូវលេខ៣ ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។
ស្រ្តីត្រូវចោទត្រូវបានបញ្ជូនទៅឃុំខ្លួន នៅក្នុងពន្ធនាគារ ជាបណ្ដោះអាសន្ន ដើម្បីរង់ចាំ ចាត់ការតាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធនឹង បទល្មើសចេញសែកស្អុយ ចំនួន៧ ម៉ឺនដុល្លារអាមេរិក ដែលបានប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីឆ្នាំ២០២០ ។
ជនត្រូវចោទ ឈ្មោះ គង់ សុត្រាវី ដែលគេស្គាល់ថាជាម្ចាស់សំអាងការដ៏ល្បីល្បាញ ម្កុដមាស ខ្មែរ និងមានស្វាមីជាឧកញ៉ាផងនោះ ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ : មិនបំពេញ កាតព្វកិច្ច ចំពោះឧបករណ៍ អាចជួញដូរបាន តាមមាត្រា២៣១ នៃច្បាប់ស្តីពីឧបករណ៍អាច ជួញដូរបាន និងប្រតិបត្តិការ ទូទាត់ប្រាក់ ។
ស្រ្តីរូបនេះត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថ រាជធានីភ្នំពេញចាប់ខ្លួន កាលពីថ្ងៃទី ៨ ខែ មិថុនា ឆ្នាំ ២០២២ តាមដីការ របស់សាលាដំបូងរាជធានីភ្នំពេញ៕SRN