ភ្នំពេញ៖ ប្រជាពលរដ្ឋដែលរស់នៅជិតវត្តបតិក្ខប្បញ្ញោ សង្កាត់សំរោងក្រោមកំពុងរស់នៅក្នុងភាពភ័យខ្លាចក៏ព្រោះតែថ្មីៗកន្លងទៅនេះផ្ទះ២ល្វែងជាប់គ្នាត្រូវចោរគាស់កកាយប្រមូលយកសម្ភារអស់មួយចំនួន ហើយគិតមកដល់ពេលនេះមិនទាន់មានតម្រុយអំពីមុខសញ្ញាចោរ គាស់ផ្ទះនៅឡើយ។
ប្រជាពលរដ្ឋជាម្ចាស់ផ្ទះដែលត្រូវក្រុមចោរលួចគាស់សោផ្ទះចូលយកសម្ភារបានរាយការណ៍ប្រាប់អង្គភាពសារព័ត៌មានយើងនៅរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២នេះថា នៅយប់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ មានក្រុមចោរបានមកលួចគាស់សោផ្ទះរបស់ពួកគាត់ចូលរើកកាយយកសម្ភារគិតជាប្រាក់អស់ជាង ៣,០០០ដុល្លារនិងធុងបាស់ដែលទើបទិញថ្មីមួយគ្រឿងតម្លៃជាង៦០០ដុល្លារ។ ពួកគាត់សុំមិនបញ្ចេញឈ្មោះបានរៀបរាប់ប្រាប់អង្គភាពយើងទៀតថា នៅយប់ថ្ងៃកើតហេតុដោយសារពួកគាត់មានកម្មវិធីនៅខាងក្រៅមិនបានមកផ្ទះវិញទេ ហើយក៏បានចាក់សោផ្ទះយ៉ាងត្រឹមត្រូវ។ លុះព្រឹកឡើងទើបអ្នកជិតខាងទូរស័ព្ទប្រាប់ពួកគាត់ឱ្យត្រឡប់មកវិញទើបឃើញបាត់ធុងបាស់មួយដែលមានតម្លៃជាង៦០០ដុល្លារនិងលុយកាក់ប្រមាណ ៣ពាន់ដុល្លារទៀត។
ប្រជាពលរដ្ឋរងគ្រោះបានប្រាប់បន្តទៀតថា ទីតាំងដែលក្រុមចោរលួចគាស់សោផ្ទះនោះ ទីមួយផ្ទះលេខ២D និងផ្ទះលេខ៣D ស្ថិតនៅជាប់របងខាងជើងវត្ត ក្នុងភូមិតិក្ខប្បញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ហើយពួកវាបានធ្វើសកម្មភាពនៅវេលាម៉ោងប្រហែលជា៣ទៀបភ្លឺ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២។
ប្រជាពលរដ្ឋនៅតំបន់នោះបានបន្តឱ្យដឹងទៀតថា ករណីចោរលួច, ចោរឆក់, គាស់ផ្ទះ តែងតែកើតមានស្ទើររាល់យប់រាល់ថ្ងៃ ខណៈដែលសមត្ថកិច្ចនគរបាលប៉ុស្តិ៍សំរោងក្រោម និងអធិការនគរបាលខណ្ឌពោធិ៍សែនជ័យមិនទាន់បង្ក្រាបបាននៅឡើយ។ ជាក់ស្តែងករណីដែលបានកើតឡើងនៅជិតវត្តតិក្ខប្បញ្ញោមើលទៅសមត្ថកិច្ចហាក់ដូចជាចាត់ទុកជារឿងធម្មតា។
គួររំលឹកផងដែរថា រយៈពេលពីរបីយប់ជាប់គ្នានេះគឺមានករណីលួចរ៉ឺម៉ករបស់ពលរដ្ឋ និងនៅយប់ថ្ងៃកើតហេតុនោះក៏ពួកវាលួចគាស់សោផ្ទះគេលួចយកសម្ភារទៀត។ ប្រជាពលរដ្ឋរស់នៅភូមិតិក្ខប្បញ្ញោ ជាពិសេសនៅម្តុំកន្លែងកើតហេតុតែម្តង។ ប្រជាពលរដ្ឋនៅតំបន់នោះបានសំណូមពរឱ្យលោកមេប៉ុស្តិ៍ និងលោកម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យជួយដាក់កម្លាំងល្បាតក្នុងមូលដ្ឋានដើម្បីទប់ស្កាត់រាល់បទល្មើសទាំងនេះផង។
គួររំលឹកថា កន្លងមកបទល្មើសឆក់, ប្លន់, លួចគាស់ផ្ទះ, លួចស្លាកលេខរថយន្ត, ឆ្កឹះកញ្ចក់រថយន្តស៊េរីទំនើប តែងតែកើតមានជាញឹកញាប់ក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ បើទោះបីជាសមត្ថកិច្ចខិតខំបង្ក្រាបយ៉ាងណាក៏ដោយ។ ដូច្នេះ គួរតែមានវិធានការទប់ស្កាត់ឱ្យបានម៉ឺងម៉ាត់បំផុត។ ជារឿយៗគេសង្កេតឃើញថាលោកម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកអំពីសកម្មភាពដែលលោកអធិការបានដឹកនាំកម្លាំងជំនាញចុះតាមគោលដៅហាងកាហ្វេប្រេនៗមានម៉ាស៊ីនត្រដាក់ដើម្បីពួនស្ទាក់និងបង្ក្រាបក្រុមជនសង្ស័យក្រុមក្មេងទំនើងដែលបង្កអសន្តិសុខក្នុងមូលដ្ឋានខ្លះដែរ តែមិនទាន់ឃើញបង្ក្រាបបាន។ ប្រជាពលរដ្ឋដែលរស់នៅម្តុំកន្លែងកើតហេតុសូមសំណូមពរឱ្យលោកអធិការនគរបាលខណ្ឌជួយចាត់កម្លាំងចុះល្បាតនៅពេលយប់បន្ថែមទៀតផងដើម្បីកាត់បន្ថយរាល់បទល្មើសទាំងអស់នេះ៕ដោយ៖ សិរី នាគ