ខេត្តកណ្តាល៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលស្រុកកណ្តាលស្ទឹងឃាត់ខ្លួន ក្រោយពីរបានយកកាំបិតខ្វាវ កាប់ទៅលើជនរងគ្រោះពីរនាក់ បណ្តាលឱ្យរបួសធ្ងន់ធ្ងរ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងជាង ១រសៀល ថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០២២ នៅចំណុចភូមិដំរីស្លាប់ ឃុំទ្រា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។
សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ជនរងគ្រោះចំនួនពីរនាក់ខាងលើ ទី១-ឈ្មោះ ផាន់ វណ្ណា ភេទស្រី អាយុ ៦៦ឆ្នាំ មុខរបរកសិករ (របួសផ្នែកក្បាលធ្ងន់ធ្ងរកំពុងសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត្រ) និងទី២-ឈ្មោះ អ៊ំ សារ៉ន ភេទប្រុស អាយុ ៣២ឆ្នាំ ។ អ្នកទាំងពីរមានទីលំនៅភូមិដំរីស្លាប់ ឃុំទ្រា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល ។ ចំណែកជនសង្ស័យឈ្មោះ វី វុទ្ធី ភេទប្រុស អាយុ ៤២ ឆ្នាំ មុខរបរ កម្មករសសំណង់ រស់នៅភូមិ-ឃុំ កើតហេតុ ។
សមត្ថកិច្ចបានឲ្យដឹងបន្ថែមថា នៅមុនពេលកើហេតុជនសង្ស័យបានអង្គុយផឹកស្រាបៀរ នៅផ្ទះរបស់ខ្លួនជាមួយអ្នកជិតខាង ៣នាក់ ។ ពេលជនសង្ស័យផឹកអស់ចំនួន ០២កំប៉ុង ស្រាប់តែជនរងគ្រោះ អ៊ំ សារ៉ន បានជិះម៉ូតូមួយគ្រឿង ម៉ាក Honda Dream C125 ស៊េរី ឆ្នាំ ២០២១ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្ដាល 1AM-7233 ឌុបឈ្មោះ រុន ភេទប្រុស អាយុ ៥០ឆ្នាំ ជិះចូលទៅក្នុងទីធ្លាផ្ទះរបស់ជនសង្ស័យ ហេីយបានឈប់សួរ ឈ្មោះ អ៊ុន ច្រឹប ត្រូវជាប្រពន្ធជនសង្ស័យពីរឿងថា ឱ្យខ្លួនយកម៉ូតូមួយគ្រឿងម៉ាក Zuzuki Lets របស់ឈ្មោះ បឿន ទៅបញ្ចាំ តែឈ្មោះ អ៊ុន ច្រឹប បានឆ្លើយថា ខ្លួនមិនបាននិយាយអីទេ ស្រាប់តែជនសង្ស័យបានមកស្តីបន្ទោសជនរងគ្រោះ និងបានជេរប្រមាថថែមទៀត ។ ឃេីញដូចនោះ ជនរងគ្រោះឈ្មោះ អ៊ំ សារ៉ន បានជិះម៉ូតូចេញ ហេីយឈប់នៅក្បែរផ្ទះរបស់ជសង្ស័យ ។ បន្ទាប់មក ស្ត្រីរងគ្រោះ ផាន់ វណ្ណា (ត្រូវជាម្តាយក្មេករបស់ឈ្មោះ អ៊ំ សារ៉ន) បានដេីរមកសួរនាំ ពេលនោះជនសង្ស័យ និងជនរងគ្រោះឈ្មោះ ផាន់ វណ្ណា ក៏បានឈ្លោះប្រកែកទាក់ពាក្យសម្តីគ្នាទៅវិញទៅមក ហើយជនសង្ស័យបានស្ទុះចូលទៅក្នុងផ្ទះបាយយកកាំបិតខ្វាវមកកាប់លេីស្ត្រីរងគ្រោះ ផាន់ វណ្ណា ជាច្រើនកាំបិតបណ្តាលឱ្យរបួសផ្នែកក្បាលធ្ងន់ធ្ងរដួលទៅនឹងដី ឃេីញដូចនោះជនរងគ្រោះ អ៊ំ សារ៉ន បានរត់ចូលទៅដណ្តេីមកាំបិតខ្វាវពីជនសង្ស័យ តែត្រូវជនសង្ស័យដេញកាប់បណ្តាលដួល ពេលនោះជនសង្ស័យបានកាប់មកលេីជនរងគ្រោះជាច្រើនកាំបិតទៀត បណ្តាលឱ្យរបួសដៃទាំងសងខាង រួចជនរងគ្រោះបានងេីបរត់ឱ្យគេជួយ ភ្លាមនោះបងប្អូនជនរងគ្រោះបានយកជនរងគ្រោះ ឈ្មោះ ផាន់ វណ្ណា ទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត្រ ចំណែកជនរងគ្រោះឈ្មោះ អ៊ំ សារ៉ន ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមណ្ឌលសុខភាពអូររូងស្រុកបាទី ។
បនបន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទ្រា បានចុះទៅដល់កន្លែងកេីតហេតុឃាត់ខ្លួនជនសង្ស័យ និងវត្ថុតាងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង ដេីម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ៕SRN