ភ្នំពេញ៖ នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងជាប្រធានអាជ្ញាធរមីន បានសម្រេចបង្កើត «គម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន-Samdech Techo Project for Mine Action_STF – MA» ក្រោមមូលបទ «ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម – Providing Safe Ground, Creating Smiles» ក្រោមការដឹកនាំគ្រប់គ្រង និងសម្របសម្រួលដោយអាជ្ញាធរមីនដែល មានសម្តេចតេជោជាប្រធាន។
លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីនថ្លែងថា គម្រោងនេះបានកើតចេញពីការអំពាវនាវរបស់សម្តេចតេជោ កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ ក្នុងទិវាមច្ឆជាតិ នៅតំបន់អាងទឹកត្រពាំងថ្ម ខេត្តបន្ទាយមានជ័យ និងជាថ្ងៃដ៏អស្ចារ្យមួយសម្រាប់ ប្រជាពលរដ្ឋកម្ពុជា ដែលការបោសសម្អាតមីន មានការចូលរួមគាំទ្រយ៉ាងផុសផុល ពីកាកបាទ ក្រហមកម្ពុជា វិស័យឯកជន និងសប្បុរសជន ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេច តេជោនាយករដ្ឋមន្រ្តី។
លោកទេសរដ្ឋមន្រ្តី លី ធុជ ក្នុងនាមប្រជាជនកម្ពុជាទូទាំងប្រទេស ក៏ដូចជាគ្រួសារវិស័យសកម្មភាពមីនកម្ពុជា បានសម្តែងនូវការដឹងគុណ និងកត្តញ្ញូតាធម៌ដ៏ខ្ពង់ខ្ពស់បំផុតជូនចំពោះសម្តេចតេជោ នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ដែលតែងតែផ្តល់ភាពកក់ក្តៅ និងស្នាមញញឹមដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់កាលៈទេសៈ និងទីកន្លែង។
លោកទេសរដ្ឋមន្រ្តី លី ធុជ បន្តថា បន្ទាប់ពីមានការចូលរួមវិភាគទាននេះ អាជ្ញាធរមីនបានរៀបចំកិច្ចប្រជុំក្រុមការងារបច្ចេកទេសជាបន្តបន្ទាប់ ដើម្បីរៀបចំផែនការលម្អិតសម្រាប់កំណត់គោលដៅបោសសម្អាតមីនជាអាទិភាព។
នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២ លោកទេសរដ្ឋមន្រ្តី ក្នុងនាមសម្តេចតេជោនាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន នឹងដឹកនាំកិច្ចប្រជុំជាមួយប្រតិបត្តិករជាតិរួមមាន បញ្ជាការដ្ឋានកងទ័ពជើងគោក មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) និងមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្រ្គាម (NPMEC) ដើម្បីធ្វើការបែងចែកកម្លាំងបោសសម្អាតមីន និងធនធាននានាតាមគោលការណ៍កំណត់ជាអាទិភាព ក្នុងគោលដៅផ្តល់សុវត្ថិភាព និងស្នាមញញឹមជាប្រជាពលរដ្ឋកម្ពុជា៕SRN