Breaking News

អភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យស្ថានភាពទឹកជំនន់ ក្នុងក្រុងពោធិ៍សាត់ និងស្រុកកណ្តៀង

(ពោធិ៍សាត់)៖ បន្ទាប់ពីមានភ្លៀងធ្លាក់ជាប់ៗគ្នា រយះពេល០៤ ទៅ០៥ថ្ងៃ នៅតំបន់ជួរក្រវាញ ស្ទឹងអារ៉ៃ ស្ទឹងព្រៃខ្លុង និងស្ទឹងធំ បានធ្វើឱ្យទឹកស្ទឹងពោធិ៍សាត់ហក់ឡើងខ្លាំង ជិតដល់កម្រិតប្រកាសអាសន្ន, ជាក់ស្តែងនាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២នេះ លោក ចេង ឡៃ អភិបាលខេត្តស្តីទី តំណាងឯកឧត្តម​ ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានដឹកនាំមន្ត្រីពាក់ព័ន្ធ ចុះពិនិត្យស្ថានភាពទឹកជំនន់ ចាប់ពីកោះសំពៅមាស រហូតដល់ឃុំស្យា ស្រុកកណ្តៀង ដើម្បីមានវិធានការទប់ស្តាត់ ប្រសិនបើទឹកនៅតែបន្តជន់ទៀតនោះ។

លោក កែវ វ័យ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ បានឱ្យដឹងថា ស្ថានភាពទឹកស្ទឹងពោធិ៍សាត់ គិតត្រឹមម៉ោង០២រសៀលនេះ មានកម្ពស់៤.៩៨ម៉ែត្រ (កម្ពស់ប្រកាសអាសន្ន០៥ម៉ែត្រ), ស្ទឹងក្រវាញ មានកម្ពស់៤.៣៣ម៉ែត្រ (កម្ពស់ប្រកាសអាសន្ន០៦ម) និងស្ទឹងវាលវែង មានកម្ពស់១.៨០ម៉ែត្រ (កម្ពស់ប្រកាសអាសន្ន០៩ម)។ ចំពោះស្ថានភាពទឹកតាមដងស្ទឹងពោធិ៍សាត់ នៅស្រុកភ្នំក្រវាញ ទឹកបានរក្សាកម្ពស់លំនឹង គឺ៤.៣៣ម៉ែត្រ និងនៅក្រុងពោធិ៍សាត់ ទឹកចាប់ផ្តើមឡើងជាបន្តបន្ទាប់ កម្ពស់បច្ចុប្បន្ន៤.៩៨ម៉ែត្រ ខណៈកម្ពស់ប្រកាសអាសន្នគឺ០៥ម៉ែត្រ។

ទោះបីជាយ៉ាងណាក្តី មន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ ក៏បានចេញសេចក្តីជូនដំណឹង នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២នេះថា ការតាមដានអាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយមកន្លងមក ឃើញថាព្រះរាជាណាចក្រកម្ពុជាបាន នឹងកំពុងទទួលឥទ្ធិពលជាបន្តបន្ទាប់ចាប់ពីថ្ងៃទី១៥ ដល់១៩ ខែ កក្កដា ឆ្នាំ២០២២ ឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងក្នុងកម្រិតពីខ្សោយទៅមធ្យម។ តាមស្ថានភាពអាកាសធាតុនេះ បណ្តាលឱ្យមានភ្លៀងធ្លាក់ពីតំបន់ជួរភ្នំក្រវាញ ស្ទឹងអារ៉ៃ ស្ទឹងព្រៃខ្លុង និងស្ទឹងធំ មានកំរិតខ្ពស់មកលើដងស្ទឹងពោធិ៍សាត់។

យោងតាមស្ថានភាពអាកាសធាតុខាងលើ មន្ទីរធនធានទឹក និងឧតុនិយមខេត្ត សូមជម្រាបជូនដំណឹង ដល់អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ គ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទូទាំងខេត្តពោធិ៍សាត់ ពិសេសប្រជាពលរដ្ឋ រស់នៅតាមដងស្ទឹងពោធិ៍សាត់ និងស្ទឹងពាក់ព័ន្ធ សូមបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាង នូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងដោយយថាហេតុ និងត្រៀមរកទីទួលសុវត្ថិភាព សម្រាប់ជន្លៀសប្រជាពលរដ្ឋដែលងាយរងគ្រោះ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណៈជនជ្រាបជាព័ត៌មាន៕

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *