Breaking News

ប្តី ប្រពន្ធ និងកូន ០៣នាក់ ត្រូវបានទឹកហូរគួចធ្លាក់ចូលស្ទឹង

(ពោធិ៍សាត់)៖ ពិតជាសង្វែគ និងអាសូរណាស់លោកអើយ ប្តី ប្រពន្ធ និងកូន ០៣នាក់ ជិះម៉ូតូឌុបគ្នាឆ្លងកាត់ផ្លូវ ចំពេលជំនន់ទឹកភ្លៀងហូរកាត់ បណ្តាលឱ្យគួចទាំងមនុស្ស និងម៉ូតូ ធ្លាក់ចូលស្ទឹង រកឃើញសាកសព ០២នាក់ ដោយឡែកសាកសពប្រពន្ធ សមត្ថកិច្ចកំពុងស្វែងរកបន្ត។

ហេតុការណ៍ខាងលើនេះ គឺបានកើតឡើងនាវេលាម៉ោង ០៦ និង១៥នាទីល្ងាច ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២មកម្ល៉េះ នៅកំណាត់ផ្លូវជាតិលេខ៥៥ ចន្លោះគីឡូម៉ែត្រលេខ១៥៥ និង១៥៦ ត្រង់ចំណុចស្ទឹងកាច់ ស្ថិតក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

សេចក្តីរាយការណ៌ បានឱ្យដឹងនាល្ងាចថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២នេះថា សាកសពជនរងគ្រោះ ត្រូវបានប្រជាពលរដ្ឋ ទើបនឹងប្រទះឃើញនាព្រឹកមិញនេះ ដោយមានលក្ខណៈហើម ស្អុយរលួយ។ ជនរងគ្រោះមានឈ្មោះ៖

ទី១-ឈ្មោះ​ ជា​ សុខគឿន​ ភេទប្រុស​ អាយុ​៣៩​ឆ្នាំ​ (ត្រូវជាប្តី)។​ 

ទី២-ឈ្មោះ​ ចាន់​ ភក្តី​ ភេទស្រី​ អាយុ​៣៥​ឆ្នំា (ត្រូវ​ជាប្រពន្ធ​ មានផ្ទៃពោះ​០៧​ខែ)​ រកសពមិនទាន់ឃើញ។

ទី៣-ឈ្មោះ​ លី​ ចាន់ថា​ ហៅឆៀងម៉ៃ​ ភេទស្រី​ អាយុ​០៣​ឆ្នំា​ (ត្រូវជាកូន) ទាំង៣នាក់រស់នៅ​ភូមិ​ឈើទាល​ ឃុំត្នោតជុំ​ ស្រុកក្រគរ។

សេចក្តីរាយការណ៍បានបន្ថែមថា នៅក្បែរនឹងសាកសពដែលរកឃើញ គេបានឃើញមានម៉ូតូមួយគ្រឿង ​ម៉ាក​Honda Dream C125 ព័ណ៌​ខ្មៅ​ ផលិត​ឆ្នាំ​២០១៨​ ពាក់ស្លាកលេខ​ ពោធិ៍សាត់​ 1I-7548។ 

បច្ចុប្បន្នកម្លាំង​សមត្ថកិច្ច បានប្រគល់សាកសពជនរងគ្រោះដែលរកឃើញ ​ទៅឱ្យក្រុមគ្រួសារ ចាត់ចែងធ្វើបុណ្យ​តាមប្រពៃណី។ ដោយឡែកសាកសពស្ត្រី ដែលមានផ្ទៃពោះ០៧ខែនោះ កម្លាំង​ប៉ុស្តិ៍នគរបាលរដ្ឋបាលថ្មដា សហការ​ជាមួយកម្លាំងនគរបាលស្រុកវាលវែង កម្លាំងយោធាស្រុក​ និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុក​ កំពុងបន្តស្វែងរកសាកសព ដើម្បីប្រគល់ជូនក្រុមគ្រួសារសាច់ញ្ញាតិ៕

Check Also

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ មន្ត្រីនគរបាលជាតិ ទោះមានឋានន្តរស័ក្តិនិងតួនាទីយ៉ាងណាក៏ដោយ ត្រូវតែគោរពវិន័យឱ្យបានច្បាស់លាស់ ពិសេសការសុំច្បាប់

Leave a Reply

Your email address will not be published. Required fields are marked *