Breaking News

គណបក្សប្រជាជនកម្ពុជា ប្រកាសគាំទ្រទាំងស្រុង លើសំណើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី ១០

ភ្នំពេញ៖ បន្ទាប់ពីក្រុមប្រឹក្សាធម្មនុញ្ញ បើកកិច្ចប្រជុំពេញអង្គ ដើម្បីពិនិត្យសេចក្តីព្រាងច្បាប់ ធម្មនុញ្ញ ស្តីពីវិសោធនកម្ម [លើកទី១០] និងរៀបចំសេចក្តីក្រាបបង្គំទូលថ្វាយមតិ ថ្វាយព្រះ  មហាក្សត្រ កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ កន្លងមកនេះ គណបក្សប្រជាជនកម្ពុជា បានប្រកាស គាំទ្រទាំងស្រុង លើសំណើ វិសោធនកម្មនេះ។

នៅក្នុងសន្និបាតគណបក្សប្រជាជនកម្ពុជា ដែលបានប្រព្រឹត្តទៅរយៈពេលពីរថ្ងៃពេញ បានប្រកាស គាំទ្រទាំងស្រុង លើសំណើ វិសោធនកម្ម[លើកទី១០] នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដោយសំអាងថា សំណើវិសោធនកម្មនេះ សំដៅបម្រើឧត្តមប្រយោជន៍ជាតិ ដែលក្នុងនោះ រួមមាន៖

ទី១. ការធានាឱ្យស្ថាប័នកំពូលរបស់ជាតិ ជាពិសេសអំណាចនីតិប្រតិបត្តិ ដែលមានបេសក កម្មចម្បង ក្នុងការដឹកនាំការងារទូទៅរបស់រដ្ឋ មានដំណើរការប្រព្រឹត្តទៅដោយរលូន និងប្រកប ដោយនិរន្តរភាពនៅគ្រប់កាលៈទេសៈ។

ទី២. ការធានា ការពារ និងថែរក្សាឱ្យបាននូវ សន្តិភាព សន្តិសុខសង្គម សណ្ដាប់ធ្នាប់សាធារណៈ និងស្ថិរភាពនយោបាយ របស់ប្រទេសជាតិ នៅគ្រប់កាលៈទេសៈ ដើម្បីជាគ្រឹះសម្រាប់ការអភិវឌ្ឍប្រទេសជាតិ លើគ្រប់វិស័យ និងសេចក្តីសុខសាន្តរបស់ប្រជាជនកម្ពុជា។

ពាក់ព័ន្ធសេចក្តីព្រាងច្បាប់នេះដែរ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ កាលពីរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ បានពន្យល់បំភ្លឺ និងបង្ហាញនូវវត្ថុបំណងរបស់រាជរដ្ឋាភិបាលកម្ពុជា នៃការធ្វើវិសោធនកម្ម[លើកទី១០]នេះថា ជាការធ្វើឡើង ដើម្បីបំពេញចន្លោះខ្វះខាតក្នុងរដ្ឋធម្មនុញ្ញ ដែលយើងបានមើលឃើញទាំងអស់គ្នា។ ការធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញ និងច្បាប់ធម្មនុញ្ញបន្ថែម នាពេលនេះ មិនបានប៉ះពាល់ទៅដល់គោលការណ៍គ្រឹះរបស់រដ្ឋធម្មនុញ្ញនោះឡើយ។

សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពី វិសោធនកម្មមាត្រា១៩ថ្មី(មួយ) មាត្រា៩៨ថ្មី មាត្រា១០២ថ្មី មាត្រា១១៩ថ្មី(មួយ) និងមាត្រា១២៥ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មាត្រា៣ថ្មី និងមាត្រា៤ថ្មី នៃច្បាប់ធម្មនុញ្ញ និងជាសំណើធ្វើវិសោធនកម្ម  លើកទី១០ ត្រូវ  បាន ក្រុមប្រឹក្សាធម្មនុញ្ញ បើកកិច្ចប្រជុំពេញអង្គ ដើម្បីពិនិត្យ និងរៀបចំសេចក្តីក្រាបបង្គំទូលថ្វាយមតិ ថ្វាយព្រះមហាក្សត្ររួចហើយ កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ហើយសេចក្តីព្រាង វិសោធនកម្មនេះ ក៏បានទៅដល់រដ្ឋសភាហើយផងដែរ៕

Check Also

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែង ៦០០អង្គ/នាក់ទៀត បានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ

Leave a Reply

Your email address will not be published. Required fields are marked *