លោក Ranil Wickremesinghe បានស្បថចូលកាន់តំណែងប្រធានាធិបតីស្រីលង្កា នៅក្នុងរដ្ឋសភាប្រទេសនេះ ក្រោយពេលលោកទទួលបានជ័យជម្នះក្នុងការបោះឆ្នោតនៅរដ្ឋសភា កាលពីថ្ងៃទី ២០ខែកក្កដា។
សារព័ត៌មានស៊ីនហួរបានផ្សាយថា លោក Ranil Wickremesinghe នៅថ្ងៃទី២១ខែកក្កដា បានស្បថចូលកាន់តំណែង ប្រធានាធិបតីស្រីលង្កា។ នៅក្នុងការបោះឆ្នោតប្រធានាធិបតី នៅក្នុងរដ្ឋសភា លោកទទួលបានសំឡេងគាំទ្រ១៣៤ ក្នុងចំណោមតំណាងរាស្ត្រទាំង ២២៥រូប នាំមុខដាច់លើបេក្ខភាពផ្សេងទៀត។
លោក Ranil Wickremesinghe ធ្លាប់កាន់តំណែងជានាយករដ្ឋមន្ត្រី ស្រីលង្កាដល់ទៅ ៦អាណត្តិកន្លងមក។ លោក ក៏បានក្លាយទៅជាប្រធានាធិបតិបណ្តោះអាសន្នក្រោយពេល អតីតប្រធានាធិបតីចាកចេញពីប្រទេស ហើយលាលែងចេញពីតំណែង។
ក្នុងតំណែងជាប្រធានាធិបតីស្រីលង្កា លោក Ranil Wickremesingheប្រឈមនឹងបញ្ហាជាច្រើន ពិសេសគឺ ជួយប្រទេសជាតិឆ្លងផុតវិបត្តិសេដ្ឋកិច្ច និងនយោបាយ ទ្រង់ទ្រាយធំបំផុត ចាប់តាំងពីប្រទេសនេះទទួលបានឯករាជ្យនៅឆ្នាំ ១៩៤៨៕