អតីតរដ្ឋមន្រ្តីហិរញ្ញវត្ថុ លោក រីស៉ី ស៊ូណាក់ (Rishi Sunak) និងរដ្ឋមន្រ្តីការបរទេស លោកស្រី លីស ត្រាស់ (Liz Truss) បានក្លាយជាបេក្ខជន២រូបចុងក្រោយ ដែលត្រូវប្រកួតប្រជែងក្នុងជុំបោះឆ្នោតផ្តាច់ព្រ័ត្រ ដើម្បីឡើងជាមេដឹកនាំថ្មីរបស់ចក្រភពអង់គ្លេស។
ក្នុងការបោះឆ្នោតជម្រុះជុំទី៥ កាលពីថ្ងៃពុធសប្តាហ៍នេះ លោក ស៊ូណាក់ បន្តទទួលបានការគាំទ្រច្រើនជាងគេ គឺ១៣៧សំឡេង។ រីឯលោកស្រី ត្រាស់ បានឡើងមកលេខពីរ ជាមួយការគាំទ្រ ១១៣សំឡេង។ ប្រការនេះធ្វើឱ្យ រដ្ឋលេខាធិការពាណិជ្ជកម្មអន្តរជាតិ លោកស្រី ផេននី ម័រដាន់ (Penny Mordaunt) ធ្លាក់ទៅលេខបីវិញ ហើយត្រូវខ្ទាតចេញពីការប្រកួត ព្រោះមានការគាំទ្រតិចជាងគេ។
បន្ទាប់ពីនេះ ការបោះឆ្នោតជុំចុងក្រោយ នឹងត្រូវធ្វើឡើងក្នុងចំណោមសមាជិកប្រហែល ២០០,០០០នាក់ នៃគណបក្សអភិរក្សនិយមវិញម្តង។ អ្នកដែលទទួលជ័យជម្នះ នឹងត្រូវប្រកាសនៅថ្ងៃទី៥ ខែកញ្ញា ហើយនឹងក្លាយជាប្រធានបក្សថ្មី ក៏ដូចជានាយករដ្ឋមន្រ្តីថ្មី។
ទោះបីលោក ស៊ូណាក់ បាននាំមុខគេរហូត ក្នុងការបោះឆ្នោតជម្រុះទាំង ៥ជុំកន្លងមក ដែលធ្វើឡើងដោយក្រុមសមាជិកសភារបស់ បក្សអភិរក្សនិយមយ៉ាងណាក្តី លទ្ធផលស្ទង់មតិថ្មីមួយ ដែលចេញផ្សាយកាលពីថ្ងៃអង្គារសប្តាហ៍នេះ បានបង្ហាញថា លោកមិនសូវមានប្រជាប្រិយភាពប៉ុន្មានឡើយ ក្នុងចំណោមសមាជិករបស់គណបក្សផ្ទាល់ ហើយត្រូវគេព្យាករថា អាចនឹងចាញ់លោកស្រី ត្រាស់ នៅក្នុងការបោះឆ្នោតមួយទល់នឹងមួយនេះ។
គួរបញ្ជាក់ថា ដំណើរការបោះឆ្នោតជ្រើសរើស មេដឹកនាំថ្មីរបស់ចក្រភពអង់គ្លេស បានចាប់ផ្តើមឡើង បន្ទាប់ពីលោក បូរីស ចនសុន (Boris Johnson) ត្រូវបានបង្ខំឱ្យចុះចេញពីអំណាច កាលពីថ្ងៃទី៧ ខែកក្កដា ដោយសារតែការលាលែងពីតំណែងយ៉ាងភ្លូកទឹកភ្លូកដី ពីសំណាក់ក្រុមរដ្ឋមន្រ្តី ក្នុងជួររដ្ឋាភិបាលលោក។ យ៉ាងណាមិញ លោក ចនសុន បាននិងកំពុងបន្តកាន់តួនាទី ជានាយករដ្ឋមន្រ្តីបណ្តោះអាសន្ន រហូតទាល់តែជ្រើសបានអ្នកថ្មី មកជំនួសរូបលោក៕