សៀមរាប៖ ថ្នាក់ដឹកនាំរបស់សាលាខេត្តសៀមរាប កំពុងទទួលបានការរិះគន់យ៉ាងចាស់ដៃ ពីមហាជនទូទៅ ក្នុងករណីដែល លោកអ៊ឹង គឹមលាង ជាអភិបាលរងខេត្តបានចុះហត្ថលេខាលើលិខិតអញ្ជើញគូភាគីក្នុងសំណុំរឿងព្រហ្មទ័ណ្ឌមកសម្របសម្រួល ទាំងដែលសំណុំរឿងមួយនេះ តំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប កំពុងដំណើរការតាមនីតិវិធី។
យោងតាមលិខិតអញ្ជើញមួយ ដែលមានលេខ៧៥៥ល.អ.ជ របស់រដ្ឋបាលខេត្តសៀមរាប ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ ដែលបានបែកធ្លាយដល់ដៃអ្នកកាសែត មានខ្លឹមសារថា “សូមអញ្ជើញ ៖ លោក ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត សូមចាត់អញ្ជើញ៖
-លោក ស្នងការរងនគរបាលខេត្តទទួលផែនព្រហ្មទណ្ឌ
-លោក ប្រធានការិ.នគរបាលព្រហ្មទណ្ឌកម្រិតស្រាល
-មន្ត្រីជំនាញ ដើម្បីចូលរួម៖ កិច្ចប្រជុំសម្របសម្រួលករណីវិវាទរវាងឈ្មោះ សោម សមសក្តិ និងឈ្មោះ ផាត់ សុជឿន ។ កាលបរិច្ឆេទ៖ ថ្ងៃចន្ទ ១២រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២។ វេលាម៉ោង៖ ០៨ ៖ ៣០នាទីព្រឹក (អញ្ជើញដល់)។ ទីកន្លែង៖ បន្ទប់ប្រជុំលេខ២ សាលាខេត្តសៀមរាប”។
សូមរម្លឹកថា កាលពីពេលថ្មីៗនេះ ស្ត្រីម្នាក់ឈ្មោះផាត់ សុជឿន បានដាក់ពាក្យប្តឹងលោក សោម សមសក្តិ ដែលមានតួនាទីជានាយកទីចាត់ការហិរញ្ញវត្ថុខេត្តសៀមរាប ពីបទជេរប្រមាថជាសាធារណ: បទប្រើអំពើហឹង្សាដោយចេតនា និងបទប៉ុនប៉ងមនុស្សឃាត តាមរយៈបើករថយន្តម៉ាក range rover discovery ពាក់ស្លាកលេខភ្នំពេញ 2BU-០០០៩ ប៉ុនប៉ងបំបុក នៅចំណុចផ្សារ អាស៊ី កាលពីយប់ថ្ងៃទី១៤ខែមិថុនាឆ្នាំ២០២២។
បន្ទាប់ពីទទួលបានពាក្យបណ្តឹង តំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប បានចេញដីកាកោះហៅចុងបណ្តឹង គឺលោក សោម សមសក្តិ ឲ្យចូលខ្លួនទៅបំភ្លឺនៅតុលាការចំនួន២ដងរួចមកហើយ តែលោកសមសក្តិមិនបានចូលទៅតាមដីកាទេ ដោយដាក់ពាក្យសុំពន្យា ។
តាមប្រភពពីមន្ត្រីរបស់រដ្ឋបាលខេត្តសៀមរាប ដែលសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា ក្នុងការមិនចូលទៅបំភ្លឺនៅដំណាក់កាលអយ្យការទាំង២លើកនេះ លោកសោម សមសក្តិ បានស្វះស្វែងរកការអន្តរាគមន៍ពីសំណាក់ថ្នាក់ដឹកនាំសាលាខេត្តសៀមរាប ឲ្យសម្របសម្រួលបញ្ចប់រឿងជាមួយដើមបណ្តឹង ដើម្បីគេចវេសពីការទទួលទោសតាមផ្លូវច្បាប់ដោយប្រកាណាមួយ។ ប្រភពបន្តថា ប៉ុន្តែបើទោះបីជាមានការចេញមុខជួយជ្រោមជ្រែងពីថ្នាក់ដឹកនាំសាលាខេត្តសៀមរាបយ៉ាងណាក្តី នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២នេះ អ្នកស្រីផាត់ សុជឿន ដែលជាដើមបណ្តឹង មិនចូលទៅតាមការណាត់ទេ ហើយកិច្ចប្រជុំដោះស្រាយនេះ ក៏ត្រូវបានរំសាយ។
ពាក់ព័ន្ធករណីនេះ មន្ត្រីសាលាដំបូងខេត្តសៀមរាបម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះ ដោយមិនចង់មើលមុខគ្នាមិនចំជាមួយថ្នាក់ដឹកនាំសាលាខេត្ត បាននិយាយទាំងហួសចិត្តថា តើខាងរដ្ឋបាលខេត្តគេសម្អាងលើច្បាប់អីដែលហ៊ានចេញមុខសម្របសម្រួលក្នុងរឿងព្រហ្មទ័ណ្ឌទាំងដែលតុលាការកំពុងដំណើរការនីតិវិធីបែបនេះ? មន្ត្រីរូបនេះបន្តថា សមបីតែសម្តេចនាយករដ្ឋមន្ត្រីក៏មិនដែលហ៊ានលូកដៃសម្របសម្រួលរឿងក្តីនៅក្នុងនីតិវិធីរបស់តុលាការផងទេ។
ក្រុមអ្នកតាមដានរឿងក្តី រវាងអ្នកស្រី ផាត់ សុជឿន និងលោក សោម សមសក្តិ បានលើកឡើងថា លោកនាយកទីចាត់ការហិរញ្ញវត្ថុខេត្តសៀមរាប ពិតជាមានឥទ្ធិពលមិនធម្មតាមែន ព្រោះលោកអាចបញ្ជាឲ្យថ្នាក់ដឹកនាំខេត្តចេញលិខិតកោះអញ្ជើញគូភាគីក្នុងបណ្តឹងព្រហ្មទ័ណ្ឌមកដោះស្រាយបញ្ចប់រឿង ទាំងដែលខ្លួនឯងមិនហ៊ានចេញមុខបង្ហាញភាពស្អាតស្អំផងនោះ។
ទាក់ទងនឹងការចេញលិខិតអញ្ជើញនេះ អភិបាល រងខេត្តសៀមរាប លោក អ៊ឹង គឹមលាង បានដឹងនៅព្រឹកថ្ងៃ២៦ខែកក្កដាឆ្នាំ២០២២នេះថា លោកគ្រាន់តែចង់ឲ្យភាគីទាំងពីរជួប ពិភាក្សាគ្នាក្រៅប្រព័ន្ធតុលាការប៉ុណ្ណោះ។ មិនមែនមាន ន័យថាបន្ទុចបង្អាក់ដំណើរការរបស់តុលាការទេ។ គឺចង់ឲ្យភាគីទាំងពីរជួបដោះស្រាយបញ្ហាដោយមិនឆ្លងកាត់តុលាការ។ ប៉ុន្តែយ៉ាងណាក៏ដោយភាគីទាំងពីរមិនបានជួបគ្នាតាមការស្នើសុំរបស់លោកនោះឡើយ។
ការស្នើរបស់លោកអភិបាលរងខេត្តសៀមរាបនាំឲ្យមានការរិះគន់ខ្លះៗដែរពីព្រោះថាមានរឿងជាច្រើនដែលតម្រូវឱ្យមានការសម្របសម្រួលដោះស្រាយនៅក្រៅប្រព័ន្ធតុលាការប៉ុន្តែគេមិនឃើញអាជ្ញាធរខេត្តសៀមរាបលោកដៃដោះស្រាយបញ្ហានោះឡើយ។ ចំពោះករណីខាងលើនេះមិនចូលខ្លួនរបស់ភាគីណាមួយនៃគូជម្លោះវាបានបង្ហាញអំពីកម្សោយនៃអ្នកដឹកនាំនោះហើយ៕SRN