កណ្តាល: នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងថា ការរៀនសូត្រចប់សព្វគ្រប់ មិនមែនមានន័យថាត្រូវតែទទួលបានការតែងតាំង ឬឋានៈនោះទេ។ លោកបញ្ជាក់ថា ប៉ុន្តែគឺវាអាស្រ័យទៅលើការអនុវត្តការងារ សីលធម៌ គុណធម៌ កិត្តិយស។ ការលើកឡើងបែបនេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គសុក្រឹតការថ្នាក់ដឹកនាំនគរបាលកម្រិត១ និងកម្រិត២ ជំនាន់ទី១ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ស្ថិតនៅឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២។
លោកក៍បានគូសបញ្ជាក់ថា «ការបណ្ដុះបណ្ដាលនេះ ម្យ៉ាងគឺដើម្បីមុខមាត់យើងម្នាក់ៗកុំឱ្យពាក់ផ្កាយតែអត់បានរៀនប៉ូលីស ដែលអាចធ្វើឱ្យបាត់តម្លៃ និងកិត្តិយស ហើយថាការបណ្ដុះបណ្ដាលនេះ ក៏ដើម្បីជាគំរូសម្រាប់កូនចៅជាមន្រ្តីនគរបាល»។ ការបណ្ដុះបណ្ដាលនេះគឺជាការឆ្លើយតបតាមគោលការណ៍ ក៏ដូចជាគោលនយោ បាយរបស់រាជរដ្ឋាភិបាល ធ្វើយ៉ាងណាឱ្យកងកម្លាំងនគរបាលជាតិយើង ជាកម្លាំងមានចំណេះ និងជំនាញពិតប្រាកដ មានសីលធម៌ និងគុណធម៌។
ព្រមជាមួយគ្នានេះលោក ស ខេង ក៏បានផ្ដាំផ្ញើសិក្ខាកាមដែលបញ្ចប់ការបណ្ដុះ បណ្ដាលនេះទៅហើយក៏មិនមែនមានន័យថាបានរៀនហើយក៏ចប់ដែរ ប៉ុន្តែត្រូវរៀនបន្តដោយរៀនលើការងារជាក់ស្ដែង ទោះជាធ្លាប់បានធ្វើការងារជាក់ស្ដែងហើយក៏ដោយ ។ តែក្រោយពីរៀននេះទៀត មន្រ្តីម្នាក់ៗក៏អាចមានគំនិតថ្មីៗលើការបន្តការងារជាក់ ស្ដែងថែមទៀតដែរ៕ដោយ: សិរី នាគ