ភ្នំពេញ ៖ រថយន្តកូរ៉េមួយគ្រឿងបើកបរដោយបុរសវ័យចំណាស់ម្នាក់ សង្ស័យតែស្រវឹងស្រា បានរេចង្កូតចូលមកកន្លងផ្លូវម្ខាងទៀត ជ្រុលទៅបុករថយន្តស៊េរីទំនើបមួយគ្រឿងដែលបើកបរបញ្ច្រាសទិសដៅគ្នាចំពីមុខពេញទំហឹងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៩ និង ១០នាទីយប់ថ្ងៃទី៤ ខែសីហា ឆ្នាំ ២០២២ នៅចំណុចឃ្លាំងរំសេវ តាមបណ្តោយផ្លូវ២០២ ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសវ័យចំណាស់ម្នាក់បើករថយន្តកូរ៉េមួយគ្រឿង ពណ៌ខៀវ ពាក់ផ្លាកលេខភ្នំពេញ2AL-0010 ធ្វើដំណើរតាមបណ្តោយផ្លូវ២០២ ទិសដៅពីកើតទៅលិចលុះមកដល់ចំណុចកើតហេតុខាងលើ សង្ស័យតែស្រវឹងស្រាខ្លាំង បានរេចង្កូតមកខាងឆ្វេងដៃចូលកន្លងផ្លូវម្ខាងទៀត ក៏ជ្រុលទៅបុករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកមីតស៊ុយមីស៊ី XPANDER បើកបរបញ្ច្រាសទិសដៅគ្នាពីលិចទៅកើតចំពីមុខពេញទំហឹងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះដល់ និងបានឲ្យភាគីទាំងពីរធ្វើការសម្របសម្រួសគ្នា ដោយដំបូងឡើយភាគីខាងរងគ្រោះទារសំណងចំនួន៥០០០ដុល្លារ ឯភាគីបង្កឲ្យតែ២០០០ដុល្លារ។ ក្រោយមកភាគីទាំងសងខាងបានសម្របសម្រួលគ្នាម្ដងទៀតអស់រយៈពេលជិតមួយម៉ោង ទើបភាគីទាំងពីរព្រងព្រៀងគ្នា ដោយខាងបង្កហេតុ ព្រមចេញសំណងចំនួន ២៥០០ដុល្លារទៅឲ្យភាគីរងគ្រោះដើម្បីបញ្ចប់រឿង៕