កណ្តាល៖ ក្រុមចោរឆក់យ៉ាងសកម្ម តាមផ្លូវជាតិលេខ៤ ខណ្ឌកំបូល និង ស្រុកអង្គស្នួល ខេត្តកណ្តាល ត្រូវបានសមត្ថកិច្ចបង្ក្រាបបានជាបន្តបន្ទាប់ ។
សមត្ថកិច្ចស្រុកអង្គស្នួល បានអោយដឹងថា នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ កម្លាំងផ្នែកនគរបាលយុត្តិធម៌ កម្លាំងផ្នែកនគរបាលប្រឆាំងគ្រឿង ញៀន ប៉ុស្ដិ៍នគរបាលបែកចាន ប៉ុស្ដិ៍ពើក ប៉ុស្ដិ៍ដំណាក់អំពិល កម្លាំងអន្តរាគមន៍នៃអធិការដ្ឋាននគរបាល ស្រុកអង្គស្នួល បានចេញល្បាតក្នុងភូមិសាស្រ្ដស្រុក។
ពេលល្បាតដល់ចំណុចផ្លូវជាតិលេខ៤ខាងមុខផ្សារ អង្គស្នួល ឃុំពើក ស្រុកអង្គស្នួល បានប្រទះឃើញជនសង្ស័យចំនួនបីនាក់ ជិះម៉ូតូម៉ាកសង់C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០១៥ ឡើងតែមឆ្នាំ២០១៨ ពាក់ផ្លាកលេខ ភ្នំពេញ 1CV-0705 គួឲ្យសង្ស័យក៏ហៅសួនាំ ពេល នោះជនសង្ស័យឈ្មោះ អ៊ុន សៀងឡេង ហៅឡេង និងឈ្មោះ ស៊ិន ចំណាត់ ហៅណាត់ និងឈ្មោះហេង រ៉ាយុទ្ធ បានសារភាពថា ខ្លួននិងបក្ខពួកបានធ្វើសកម្មភាពឆក់ទូរស័ព្ទយ៉ាងសកម្មនៅបណ្ដោយផ្លូវជាតិលេខ៤ ក្នុងខណ្ឌកំបូល ស្រុកអង្គស្នួល ខេត្តកំពង់ស្ពឺ ផ្លូវជាតិលេខ៥១ ផ្លូវជាតិ៤១ បន្ទាប់មកជនសង្ស័យបានឆ្លើយ ទៀតថាខ្លននៅមានបក្ខពួកឈ្មោះ ឆាយ ភារិទ្ធ ហៅក្រិត ឈ្មោះ សេង មករា ឈ្មោះ អ៊ុក វណ្ណី ហៅតុង ឈ្មោះ ម៉េង លីហួ ឈ្មោះ យ៉ាន់ សីហា ។
ក្រោយពីទទួលបានព័ត៌ដូចនេះ ទើបកម្លាំងអធិការដ្ឋាននគរបាល ស្រុក បានតាមស្វែងរកជនសង្ស័យ និងបានឃាត់ជនសង្ស័យមានឈ្មោះដូចខាងលើ មកអធិការដ្ឋាននគរ បាលស្រុកដើម្បីសាកសួនាំបន្តតាមនីតិវិធីច្បាប់។
បន្ទាប់មកជនសង្ស័យទាំងប្រាំបីនាក់បានសារភាពថាខ្លួន ជាបក្ខពួកតែមួយនឹងបានចូលរួមធ្វើសកម្មភាពជាមួយគ្នាមែន។
ចំពោះឈ្មោះ ស៊ិន ចំណាត់ ឈ្មោះឆាយ ភារិទ្ធ ឈ្មោះ ម៉េង លីហួ ឈ្មោះអ៊ុក វណ្ណី ឈ្មោះ យ៉ាន់ សីហា ឈ្មោះ ហេង រ៉ាយុទ្ធ មានប្រើប្រាស់សារធាតុញៀន។ ចំពោះឈ្មោះ អ៊ុន សៀងឡេង និងឈ្មោះ សេង មករា គ្មានប្រើប្រាស់សារធាតុញៀនទេ។
ក្រោយមកកម្លាំងផ្នែកជំនាញនគរបាលស្រុកអង្គស្នួល បានធ្វើការជូនដំណឹងទៅជនរងគ្រោះដើម្បី ដាក់ពាក្យបណ្ដឹងបន្តតាមនីតិវិធីច្បាប់។
ចំពោះករណីនេះកម្លាំងផ្នែកជំនាញកំពុងកសាងសំណុំរឿងបន្តតាមនីតិវិធី ៕ដោយ៖ សិរី នាគ