ខេត្តមណ្ឌលគិរី ៖ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់រយៈពេលកន្លងមកនេះ កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ លោក ឈឹម កាន អភិបាលខេត្តស្តីទី និងលោក សាយ ម៉េងគីម អភិបាលរងខេត្ត បានដឹកនាំកងកម្លាំង មន្ទីរអង្គភាពពាក់ព័ន្ធ សាខាកាកបាទក្រហមកម្ពុជាខេត្ត និងអាជ្ញាធរស្រុក បានអញ្ជើញចុះពិនិត្យមើលស្ថានភាពហេដ្ឋារចនាសម្ព័ន្ធនានា ដែលរងការខូចខាតដោយជំនន់ទឹកភ្លៀង នៅតាមបណ្តាឃុំមួយចំនួន ក្នុងស្រុកកោះញែក ដើម្បីត្រៀមកម្លាំងការពារទុកជាមុននូវគ្រោះមហន្តរាយ ដែលអាចកើតឡើងនៅតំបន់ដែលប្រឈមនឹងជំនន់ទឹកភ្លៀង ដោយជាយថាហេតុ។
លោក ឈឹម កាន អភិបាលខេត្តស្តីទី បានឲ្យដឹងថា ដោយមានការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី ដើម្បីត្រៀមបង្ការ និងដោះស្រាយទាន់ពេលវេលា ក្នុងករណីមានគ្រោះជំនន់ទឹកភ្លៀង ដូច្នេះក្រុមការងារចុះត្រួតពិនិត្យពីស្ថានភាពទឹក និងការខូចខាតនូវហេដ្ឋារចនាសម្ព័ន្ធ ដោយជំនន់ទឹកភ្លៀង និងត្រៀមបង្ការនូវមធ្យោបាយនានា សម្រាប់ឲ្យប្រជាពលរដ្ឋធ្វើដំណើរទៅមកបាន។ លោក បានបញ្ជាក់ថា ក្នុងស្ថានភាពភ្លៀងធ្លាក់ជាប់ៗគ្នា នៅខេត្តមណ្ឌលគិរី រហូតមកដល់ពេលនេះ បានរងផលប៉ះពាល់ផ្លូវ ស្ពាន នៅតាមបណ្តាឃុំ ក្នុងស្រុកកោះញែក តែមិនបណ្តាលឲ្យបាតបង់ដល់អាយុជីវិត និងមិនមានការខូចខាតដល់លំនៅដ្ឋាន រួមទាំងដំណាំប្រជាពលរដ្ឋធ្ងន់ធ្ងរនោះទេ។ លោក បន្ថែមថា ក្នុងការចុះពិនិត្យស្ថានភាពទឹកនេះ អាជ្ញាធរខេត្ត និងស្រុក ក៏បានដាក់កម្លាំងការពារត្រៀមទូកចំនួន ២គ្រឿង សម្រាប់ចម្លងប្រជាពលរដ្ឋ ធ្វើដំណើរទៅមក នៅឃុំណងឃីលឹក។ ម្យ៉ាងទៀត ក៏សូមឲ្យប្រជាពលរដ្ឋទាំងអស់ ជាពិសេស ប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេស្រែពក និងអូរច្បារ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះស្ថានភាពទឹកនេះផងដែរ។
តាមរបាយការណ៍របស់លោក ឌឹម នី អភិបាលស្រុកកោះញែក បានឱ្យដឹងថា បន្ទាប់ពីមានភ្លៀងធ្លាក់ផ្ទួនៗ ចាប់ពីថ្ងៃទី០៥ ខែសីហា រហូតដល់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ បានធ្វើឲ្យមានជំនន់ទឹកភ្លៀងជន់លិចហេដ្ឋារចនាសម្ព័ន្ធ តាមបណ្តាឃុំ ក្នុងស្រុកកោះញែក រួមមាន៖ ទី១ ឃុំណងឃីលឹក ស្រុតបាកក្បាលស្ពានអូរជីមៀត ១កន្លែង ប្រវែង ២០ម៉ែត្រ និងលិចផ្លូវ ១កន្លែង ចំណុចក្បែរអូរជីមាត ផ្លូវទៅកោះម្យើលប្រវែង ១០០ម៉ែត្រ បច្ចុប្បន្នរដ្ឋបាលស្រុក បានដាក់ទូក ២គ្រឿង សម្រាប់ចម្លងប្រជាពរដ្ឋ ទី២ ឃុំរយ៉ លិចផ្លូវលំ ១កន្លែង ចំណុចស្ពានរវ៉ាក់ ផ្លូវទៅស្រែជ្រៃ ប្រវែង ៥០ម៉ែត្រ ទី៣ ឃុំសុខសាន្ត លិចផ្លូវលំ ១កន្លែងចំណុចសែនធំ ផ្លូវទៅស្រែថាស ប្រវែង ៥០ម៉ែត្រ ទី៤ ភូមិស្រែហ៊ុយ លិចផ្លូវលំ ១កន្លែងចំណុចថងប៉ាង ប្រវែង ៥០ម៉ែត្រ៕