(បាត់ដំបង)៖ កម្លាំងការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានចុះប្រតិបត្តិការបង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ក្រោយធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃមួយករណីក្នុងបទល្មើសជាក់ស្តែង។
លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានអោយដឹងថា ដោយអនុវត្តតាមការណែនាំបញ្ជាផ្ទាល់ពី ឯកឧត្ដម ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ ក៏ដូចជាមានការសម្របសម្រួលលើនិតិវិធីពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបាត់ដំបងផងនោះ នៅថ្ងៃទី ១៤ ខែ សីហា ឆ្នាំ ២០២២ វេលាម៉ោង ២២និង៣០នាទី នៅចំណុចភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង លោកបានដឹកនាំកម្លាំងក្រុមអន្តរាគមន៍ បង្ការបង្ក្រាប ចុះប្រតិបត្តិការបង្ក្រាបករណីអំពើលួចមានស្ថានទម្ងន់ទោស ( ឆក់យកទូរស័ព្ទដៃ ) ០១ករណី និងបានធ្វេីការនាំខ្លួនជនសង្ស័យចំនួន ០៣ នាក់។
ជនសង្ស័យត្រូវបានឃាត់ខ្លួន ១.ឈ្មោះ ឡេង ហេង ភេទប្រុស អាយុ ១៩ឆ្នាំ
២.ឈ្មោះ លី ស៊ីថា ភេទប្រុស អាយុ ២១ឆ្នាំ
៣.ឈ្មោះ លួម ចាន់ថា ភេទប្រុស អាយុ ២០ឆ្នាំ ទាំង០៣នាក់មានទីលំនៅភូមិបាឡាត់ ឃុំនរា ស្រុកសង្កែ ខខេត្តបាត់ដំបង រួមជាមួយវត្ថុតាងដកហូតមាន ៖
- ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១៧ មួយគ្រឿង ពាក់ស្លាកលេខ បាត់ដំបង 1AE.7425 ( ជាម៉ូតូធ្វើសកម្មភាព )
_ទូរស័ព្ទដៃ ០១គ្រឿង ម៉ាកOPPO F9 ពណ៌ខៀវ (ជារបស់ជនរងគ្រោះ)។
លោកនាយការិយាល័យបានបញ្ជាក់ថា ជនសង្ស័យខាងលើ កាលពីថ្ងៃទី ១៤ ខែ សីហា ឆ្នាំ ២០២២ វេលាម៉ោងប្រហែល ២១និង១០នាទី នៅចំណុចក្រុមទី០១ ភូមិបែកចានថ្មី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ពួកគេបានធ្វេីសកម្មភាព ឆក់យកទូរស័ព្ទដៃពីជនរងគ្រោះឈ្មោះ សោ ថាវន្ត ភេទស្រី អាយុ ២៧ឆ្នាំ មានទីលំនៅ ភូមិស្តីស្ទឹង ឃុំតាលាស់ ស្រុកមោងឬស្សី ខេត្តបាត់ដំបង បន្ទាប់មកក្រោយទទួលបានព័ត៌មាននេះភ្លាម សមត្ថកិច្ចយើងក៏បានចុះធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនបានតែម្តង។
បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានការិយាល័យជំនាញកំពុងធ្វេីការកសាងសំណុំរឿងដេីម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធី៕