តាកែវ៖ នៅទីបំផុតតុលាការខេត្តតាកែវ សម្រេចឃុំខ្លួនមន្រ្តីជលផលម្នាក់ រហសនាម ប៉ៃលិន ដែលបើករថយន្តបុកគោយន្តកន្រ្តៃ បណ្ដាលឱ្យស្លាប់ម្នាក់ និងរងរបួសម្នាក់ នៅលើផ្លូវបេតុង ក្នុងឃុំដូងខ្ពស់ ស្រុកបូរីជលសារ។
នេះបើយោងតាមដីកាបង្គាប់ឱ្យឃុំខ្លួនរបស់សាលាដំបូងខេត្តតាកែវ ចុះថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ សម្រេចចោទឈ្មោះ ហេង ប៊ិនលាប ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរមន្ត្រីជលផល នៃមន្ទីរកសិកម្មរុក្ខប្រមាញ់និងនេសាទខេត្តតាកែវមានទីកន្លែងកំណើតនៅភូមិចុងបឹងក្នុង ឃុំព្រែកដំបូក ស្រុកស្រីសន្ធ ខេត្តកំពង់ចាម ដោយជាប់ចោទពីបទ បើកបរដោយធ្វេសសប្រហែស ខ្ចីខ្ជា មិនប្រុងប្រយ័ត្នបណ្តាលឲ្យស្លាប់ នឹងរបួសអ្នកដដៃ និងបានសម្រេចឲ្យភ្នាក់ងារមានសមត្ថកិច្ច នៃកងកម្លាំងសាធារណៈនាំខ្លួនជនជាប់ចោទឈ្មោះ ហេង ប៊ុនលាប ទៅពន្ធនាគារខេត្តតាកែវ ដោយអនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់…។
ក្នុងជំពូកទី១០ ស្ដីពីទោសប្បញ្ញត្តិ ត្រង់មាត្រា៨៥ ជនណាបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ចដែលបទប្បញ្ញត្តិស្ដីពីចរាចរណ៍ផ្លូវគោក បណ្ដាលឲ្យស្លាប់អ្នកដទៃ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី១ទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី៤លាន ដល់១៥លានរៀល និងអាចត្រូវផ្ដន្ទាទោសដោយទោសបបន្ថែមមួយ ឬច្រើន ដូចមានចែងក្នុងមាត្រា៥៣ (ប្រភេទនៃទោសបន្ថែមនៃក្រមព្រហ្មទណ្ឌ) ។
អំពើល្មើសខាងលើនេះ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី២ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី១០លាន ដល់២៥លានរៀល កាលបើអំពើនេះបានប្រព្រឹត្តក្នុងករណីណាមួយដូចជា បើកបរដោយគ្មានប័ណ្ណបើកបរ ឬមានប័ណ្ណបើកបរតែមិនត្រឹមត្រូវតាមប្រភេទយានយន្ដ ។ ស្ថិតក្នុងស្ថានភាពស្រវឹង ដោយមានអត្រាជាតិអាល់កុលចាប់ពី០,៤០មីលីក្រាមក្នុង១លីត្រខ្យល់ ឬចាប់ពី០,៨០ក្រាមក្នុង១លីត្រឈាមឡើងទៅ។ បណ្ដាលឲ្យមានស្លាប់មនុស្សច្រើននាក់ ។ រត់គេចខ្លួនពីកន្លែងកើតហេតុ ក្នុងគោលបំណងគេចវេះពីការទទួលខុសត្រូវ ។
គេរង់ចាំមើលថាតើបុរសខាងលើអាចមានទោសទណ្ឌស្របច្បាប់ចែងដែរឬទេ? យើងកំពុងតាមដានរឿងនេះ។
គួរបញ្ជាក់ថា មន្ត្រីជលផលខេត្តតាកែវម្នាក់បើកបររថយន្តមួយគ្រឿងក្នុងស្ថានភាពស្រវឹងបានបុកគោយន្តកន្ត្រៃមួយគ្រឿងពីក្រោយក្នុងទិសដៅស្របគ្នាបណ្តាឲ្យភាគីខាងគោយន្តស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់កាលពីរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២២ នៅលើផ្លូវបេតុងលេខ១២៩ B ស្ថិតក្នុងភូមិដូងខ្ពស់ ឃុំដូងខ្ពស់ ស្រុកបូរីជលសារ ខេត្តតាកែវ។
តាមការបញ្ជាក់ពីលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលដូងខ្ពស់ដឹងថា រថយន្តបង្កម៉ាកលុសស៊ីសព័ណ៌ស ពាក់ស្លាក់លេខភ្នំពេញ 2AH 4203 បើកបរដោយឈ្មោះ ហេង ប៊ុនលាប ហៅ ប៉ៃលិន ភេទប្រុស អាយុ៤៥ ឆ្នាំ មុខរបរជាមន្ត្រីជលផល។ ចំណែកភាគីបើកបរគោយន្តឈ្មោះ សូ ឆាន់ ភេទប្រុស អាយុ៥១ឆ្នាំ ស្លាប់នៅនឹងកន្លែងកើតហេតុនិងអ្នករួមដំណើរត្រូវជាប្រពន្ធឈ្មោះ នូ ឃន អាយុ៥០ឆ្នាំទាំងពីរនាក់ប្តីប្រពន្ធរស់នៅភូមិដូងខ្ពស់ ឃុំដូងខ្ពស់ ស្រុកបូរីជលសារ ខេត្តតាកែវ។
លោកនាយប៉ុស្តិ៍បន្ថែមថា មុនពេលកើតហេតុគោយន្តកន្ត្រៃនិងរថយន្តបើកបរក្នុងទិសដៅស្របគ្នា ពីទិស ខាងលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ ទំនងភាគីអ្នកបើកបររថយន្តស្រវឹងខ្លាំងពេកទប់ស្មារតីមិនបានក៏ជ្រុលទៅបុកគោយន្តពីក្រោយបណ្តាលឲ្យមានអ្នកស្លាប់និងរបួសគួរសង្វេគតែម្តងទៅ។
បច្ចុប្បន្នវត្ថុតាងរថយន្តនិងគោយន្តត្រូវបានយកមករក្សា ទុកនៅអធិការដ្ឋាននគរបាលស្រុកបូរីជលសារដើម្បីកសាងសំណុំរឿងតាមនីតិវិធី ចំណែកសពជនរងគ្រោះត្រូវបានប្រគាល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។
ប្រជាពលរដ្ឋចំនួនធំបានរិះគន់យ៉ាងធ្ងន់ៗទៅលើលោក ហេង ប៊ុនលាប ហៅ ប៉ៃលិន ដែលជាមន្ត្រីជលផលដែលតែងតែបង្កព្យុះភ្លៀងលើប្រជាពលរដ្ឋអ្នកនេសាទរកត្រីហូបចុកជាលក្ខណៈគ្រួសារយ៉ាងចាស់ដៃមិនដែលយោគយល់នោះទេ។ និយាយថា “កម្មពៀរមានពិត ដូចទំនាយប្រជាពលរដ្ឋដែលរងគ្រោះដោយស្នាដៃ លោក ប៉ៃលិន”៕SRN