កណ្តាល៖ មុខសញ្ញាចោរឆក់ពីរនាក់ បានធ្វើសកម្មភាពលូកយកទូរស័ព្ទដៃពីក្នុងហោប៉ៅខោខាងមុខរបស់ស្ត្រីម្នាក់ រួចជិះម៉ូតូព្យាយាមគេចខ្លួន ប៉ុន្តែត្រូវស្ត្រីរូបនោះជិះម៉ូតូដេញតាមពីក្រោយបុកដួលទាំងអស់គ្នា ហើយក៏ត្រូវប្រជាជនចាប់ឃាត់ប្រគល់ឲ្យសមត្ថកិច្ចតែម្តង ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងជាង ៩យប់ ថ្ងៃទី ២៣ ខែ សីហា ឆ្នាំ ២០២២ ម្សិលមិញ នៅចំណុចភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
សមត្ថកិច្ចបានឱ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះ នូ សុម៉ារតី អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ បុគ្គលិកក្រុមហ៊ុន ។ ចំណែកជនសង្ស័យមានគ្នាពីរនាក់ ម្នាក់ឈ្មោះ ផុន នី ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ និងម្នាក់ទៀតឈ្មោះ នួន សុខា ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន) ។ ក្រោយឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចដកហូតបាន ទូរស័ព្ទដៃ ១គ្រឿង ម៉ាក iPone XS Max ប្តូរសំបក 13 Pro ពណ៌ខៀវ (របស់ជនរងគ្រោះ), ទូរស័ព្ទដៃម៉ាក OPPO ពណ៌ផ្កាឈូក ០១គ្រឿង (របស់ជនសង្ស័យ) និងម៉ូតូ ១គ្រឿង ម៉ាក HONDA C125 ពណ៌ខ្មៅ ឆ្នាំ២០២២ ពាក់ផ្លាកលេខ ភ្នំពេញ 1JQ-2072 (របស់ជនសង្ស័យ) ។
សមត្ថកិច្ចបានឱ្យដឹងទៀតថា នៅពេលវេលាកើតហេតុខាងលើ ស្ត្រីរងគ្រោះបានជិះម៉ូតូតែម្នាក់ឯងចេញពីផ្ទះទៅរកទិញអីហូបនៅម្តុំសាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុនសែន អនុវត្តន៍ ភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ដោយជនរងគ្រោះបានទុកទូរស័ព្ទដៃម៉ាកនៅក្នុងហោប៉ៅខោខាងមុខ លុះមកដល់ចំណុចរបងសាលាអនុវត្តន៍ផ្លូវបែកជាបួន ជនរងគ្រោះបង្អង់ម៉ូតូ ក៏ស្រាប់តែមានជនសង្ស័យ ២នាក់ ខាងលើ បានជិះម៉ូតូមកកៀកម៉ូតូជនរងគ្រោះ ហើយម្នាក់ជិះពីក្រោយ បានចុះពីលើម៉ូតូដើរមកដល់លូកយកទូរស័ព្ទនៅក្នុងហោប៉ៅខោជនរងគ្រោះ រួចឡើងជិះម៉ូតូគេចខ្លួន តែត្រូវបានជនរងគ្រោះជិះម៉ូតូដេញតាមពីក្រោយបុកដួលទាំងអស់គ្នាតែម្តង បន្ទាប់មកជនសង្ស័យទាំងពីរនាក់ បាននាំគ្នារត់តែត្រូវបានជនរងគ្រោះស្រែកថាចោរៗ បានប្រជាជនដេញចាប់បានរួមទាំងវត្ថុតាងប្រគល់ជូនសមត្ថកិច្ចយកមកសួរនាំនៅអធិការនគរបាលក្រុងតាខ្មៅ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំងពីរនាក់បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលូកយកទូរស័ព្ទដៃរនរងគ្រោះខាងលើប្រាកដមែន និងកសាងសំណុំរឿងតាមនីតិវិធី ៕