កណ្តាល៖ កម្លាំងនគរបាលស្រុកអង្គស្នួលចាប់ឃាត់ខ្លួនជនសង្ស័យតាមដីកាបង្គាប់ឲ្យចាប់ខ្លួន របស់អយ្យការអមសាលាដំបូង ខេត្តកណ្ដាលនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង២១ និង១០នាទី នៅចំណុចផ្លូវបេតុងភូមិតាគល់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា កម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល បានទទួលមុខសញ្ញាមានដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់អយ្យការអមសាលាដំបូង ខេត្តកណ្ដាល ចំនួន០១នាក់ ពីសមត្ថកិច្ចផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ ផៃ ឆៃ ភេទប្រុស ឆ្នាំកំណើត២០០៣ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិទួល សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
នៅក្នុងដីកាបង្គាប់ឲ្យចាប់ខ្លួនពីបទ លួចមានស្ថានទម្ងន់ទោស បានប្រព្រឹត្តនៅភូមិបឹងអញ្ចាញ ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្ដាល នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០។
នេះបើយោងតាមដីកាលេខ ៣១០ ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ របស់លោក អាត ច័ន្ទដារា ប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃអយ្យការអមសាលាដំបូងខេត្តកណ្ដាល។
ចំពោះករណីនេះកម្លាំងផ្នែកជំនាញកំពុងកសាងសំណុំរឿងបន្តតាមនីតិវិធីច្បាប់៕