ខេត្តបាត់ដំបង៖ បុរសម្នាក់ត្រូវបានរន្ទះបាញ់បណ្តាលអោយស្លាប់យ៉ាងអាណោចអាធ័ម និងលំនៅដ្ឋានពលរដ្ឋចំនួន០៩ខ្នងរងការខូចខាតយ៉ាងដំណំក្រោយជួបឧបទ្ទវហេតុគ្រោះធម្មជាតិភ្លៀងលាយឡំជាមួយខ្យល់កន្ត្រាក់និងផ្គររន្ទះពីរករណីផ្សេងគ្នាក្នុងស្រុកមោងឬស្សី។
សមត្ថកិច្ចបានអោយដឹងថា ហេតុការណ៍គ្រោះថ្នាក់ធម្មជាតិខាងលើនេះ ករណីទី០១បានកើតឡើងនៅវេលាម៉ោង ១៥និង៣៥នាទី ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចវាលស្រែ ខាងកើតស្វាយជួរ ស្ថិតក្នុងភូមិចកតូច ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង បង្កជារន្ទះបាញ់បណ្តាលអោយស្លាប់មនុស្សម្នាក់ ឈ្មោះ ធិញ ធឿត ភេទប្រុស អាយុ ៥៦ឆ្នាំ រស់នៅក្នុងភូមិ ឃុំកើតហេតុខាងលើ ខណៈដែលជនរងគ្រោះកំពុងឈរមើលគេភ្ជួរដីស្រែ។
ករណីទី០២បានកើតឡើងនៅវេលាម៉ោង ១៧និង០០នាទី ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតនៅចំណុច ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង បង្កដោយភ្លៀងលាយឡំខ្យល់កន្ត្រាក់បក់បោកបណ្តាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋអស់ចំនួន០៩ខ្នង នៅលើ០២ភូមិ ក្នុងនោះភូមិព្រៃស្វាយ ខូចខាតអស់ ចំនួន០១ខ្នង និងភូមិកាឡោមភ្លុក ខូចខាតអស់ចំនួន០៨ខ្នង៕